អ្នករៀនច្បាប់សុទ្ធតែដឹងពីនិយមន័យនៃពាក្យ “ច្បាប់” ធាតុផ្សំ និង លក្ខណៈពិសេសរបស់វា។ ក្នុងប្រទេសមួយ ច្បាប់មានប្រភពជាច្រើន និងត្រូវគោរពឋានានុក្រមដូចជា៖ ១.រដ្ឋធម្មនុញ្ញ ២.សន្ធិសញ្ញាអន្តរជាតិ ៣.ច្បាប់ដែលអនុម័តដោយសភា ៤.លិខិតបទដ្ឋានដែលចេញដោយព្រះមហាក្សត្រ ៥.សេចក្តីសម្រេចរបស់តុលាការ ៦.លិខិតបទដ្ឋានដែលចេញដោយរដ្ឋាភិបាលតាមឋានានុក្រម (អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីប្រកាស ការជូនដំណឹង ដីកា ។ល។) ៧.លិខិតបទដ្ឋានដែលចេញដោយអាជ្ញាធរមូលដ្ឋាន ៨.ប្រពៃណីទំនៀមទម្លាប់ សាសនា …។
លក្ខណៈពិសេសរបស់ច្បាប់គឺមានលក្ខណៈទូទៅ មិនចំពោះ និងពុំមានករណីលើកលែង ហេតុនេះច្បាប់តែងចែងថា “ជនណា …” ឬ “ជនគ្រប់រូប …”។ លក្ខណៈពិសេសទីពីររបស់វា គឺមានចរិតចាប់បង្ខំ ពោលគឺថា បើជនណាបំពានច្បាប់ ជននោះនឹងត្រូវទទួលទណ្ឌកម្មដោយជាប់ពន្ធនាគារ ឬការពិន័យជាប្រាក់ ឬធ្វើការសង្គម។ល។ គេត្រូវចងចាំផងដែរថា ក្នុងករណីមានទោសទណ្ឌជាប់ពន្ធនាគារ មានតែស្ថាប័ននីតិប្បញ្ញត្តិប៉ុណ្ណោះដែលមានអំណាចអនុម័តលើចំណុចនេះនៅក្នុងច្បាប់។ ផ្ទុយទៅវិញបទដ្ឋានជាលក្ខណៈប្រពៃណីទំនៀមទម្លាប់គឺពុំមានទណ្ឌកម្មធ្ងន់ធ្ងរ ហើយវាគ្រាន់តែបំពេញភាពចន្លោះប្រហោងនៃច្បាប់ប៉ុណ្ណោះ។ ឧទា. ច្បាប់មិនបានហាមបុគ្គលមិនឲ្យពាក់មួកចូលក្នុងទីវត្តអារាមទេ តែវាមានក្នុងបញ្ញត្តិប្រពៃណី ហើយបើមានអ្នកបំពាន ទោសរបស់វាគឺត្រឹមស្តីបន្ទោសប៉ុណ្ណោះ។
ក្នុងការអនុវត្តជាក់ស្តែងនៅកម្ពុជាក្នុងសតវត្សរ៍ទី២១នេះមានលេចឡើងប្រភពច្បាប់សំខាន់មួយគឺ “អនុសាសន៍ដ៏ថ្លៃថ្លា” របស់នាយករដ្ឋមន្រ្តី ដែលយូរៗម្តង គេឃើញមានបញ្ចូលទៅក្នុងលិខិតបទដ្ឋានរបស់ក្រសួងមន្ទីរនានា ហើយជួនកាល “អនុសាសន៍ដ៏ថ្លៃថ្លា” មានឥទ្ធិពលជាងច្បាប់ជាធរមានទៅទៀត តែមិនមានភាពស្ថិតស្ថេរយូរអង្វែងទេ ហើយយូរៗទៅ គេថែមទាំងនាំគ្នាបំភ្លេចទៀតផង។ ឧទាហរណ៍ ប្រសាសន៍មួយឃ្លាដែលថា “ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” យើងឃើញគេយកធ្វើជាស្ទីគ័របិទលើរថយន្តដឹកទំនិញធ្ងន់ធ្ងរហាក់ដូចជាយ័ន្តគាថា ឬវត្ថុសក្តិសិទ្ធិអ្វីមួយដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ តែមកដល់ពេលនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍មិនបានថយចុះទេ មានតែកើនច្រើនជាងមុនទៅទៀត។
ឧទាហរណ៍មួយទៀត កាលពីប៉ុន្មានខែមុនមានករណីជម្លោះកើតឡើងរវាងលោកផ្កាយបីប៉ូលិសអន្តោប្រវេសន្ត៍និងប៉ូលិសចរាចរណ៍។ នៅចាំបានថា ក្នុងថ្ងៃតែមួយ នាយករដ្ឋមន្រ្តីចេញសេចក្តីសម្រេចបីដងខុសគ្នា៖ ពេលព្រឹកសម្រេចដកតំណែង និងសក្តិរបស់លោកផ្កាយបី ពេលថ្ងៃត្រង់សម្រេចត្រឹមដកតំណែងទុកសក្តិឲ្យ ស្រាប់តែពេលល្ងាចសម្រេចថាទុកទាំងសក្តិ និងតំណែងឲ្យ។ បើប្រៀបធៀបទៅនឹងចៅក្រមក្នុងកីឡាបាល់ទាត់ ដំបូងពិន័យកាតក្រហម បន្ទាប់មកត្រឹមកាតលឿង ចុងក្រោយថាលុបចោលការពិន័យវិញ។ បើមានករណីអញ្ចឹងវិញ FIFA នឹងដកសិទ្ធិកាត់សេចក្តីពីចៅក្រមដែលពុំមានសុភវិនិច្ឆ័យនោះមិនខាន។ ករណីបែបនេះក៏មានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក្នុងរឿងក្តី ឡានសង្រ្គោះបន្ទាន់របស់វិទ្យុ ABC ១០៧.៥ និង ក្រសួងសុខាភិបាលដែរ។
លើសពីនេះទៀត មនុស្សជាច្រើននៅចងចាំពីការសម្រេចរបស់ក្រសួងសាធារណៈការចំពោះការធ្វើប័ណ្ណបើកបរម៉ូតូដែលម្តងថាត្រូវមាន តែក្រោយមកថាមិនបាច់មានទេ។ រឿងប័ណ្ណបើកបររថយន្តក៏អញ្ចឹង ដំបូងថា អ្នកមានប័ណ្ណបើកបរអចិន្ត្រៃយ៍ត្រូវធ្វើប័ណ្ណថ្មី តែក្រោយមកថា នៅអាចបន្តប្រើបានទៀត។ ចំពោះការសម្រេចរបៀបរឡិបរឡប់បែបនេះ មិនដឹងមានមនុស្សប៉ុន្មាននាក់ត្រូវចុកឈាមនោះទេដោយសារ “អនុសាសន៍ដ៏ថ្លៃថ្លា” របស់ប្រមុខរដ្ឋាភិបាល។
ទម្លាប់យក “អនុសាសន៍ដ៏ថ្លៃថ្លា” មកអនុវត្តនេះ ធ្វើឲ្យយើងទាំងអស់គ្នានឹកឃើញដល់របបរាជានិយមមុនឆ្នាំ១៩៤៧ នៅកម្ពុជា។ សម័យនោះគេហៅថារបបរាជានិយមផ្តាច់ការ ដោយសារអំណាចទាំងបីស្ថិតក្នុងដៃស្តេចតែម្នាក់ឯង៖ ព្រះរាជបន្ទូល ព្រះរាជឱង្ការ ព្រះរាជក្រឹត្យរបស់ស្តេចគឺជាច្បាប់ (នីតិប្បញ្ញត្តិ) ស្តេចជាប្រមុខរដ្ឋាភិបាល (នីតិប្រតិបត្តិ) និងជាអ្នកកាត់ក្តី (តុលាការ)។ តែនៅសម័យរាជានិយមទី២ (អាស្រ័យរដ្ឋធម្មនុញ្ញ) ដែលព្រះរាជាលែងមានសិទ្ធិអំណាចទាំងនេះ បែរជានាយករដ្ឋមន្រ្តីយកប្រព័ន្ធនេះមកប្រើប្រាស់ទៅវិញ។ នេះហៅដែលគេហៅថា ទម្លាប់ធំជាងច្បាប់!
ការណ៍ដែលបុគ្គលម្នាក់មានអំណាចទូលំទូលាយពេករហូតដល់បំពានយកអំណាចរបស់ស្ថាប័នផ្សេងមកប្រើ ធ្វើឲ្យកម្ពុជាបាត់បង់នូវគោលការណ៍បែងចែករវាងអំណាចទាំងបី គ្មានតុល្យភាពអំណាច និងគ្មានភាពយុត្តិធម៌។ យូរៗទៅ ច្បាប់ជាធរមានត្រូវបានគេបំភ្លេចចោល ព្រោះមន្រ្តីនៅក្រោមឱវាទរវល់តែពឹងផ្អែកលើ “អនុសាសន៍ដ៏ថ្លៃថ្លា” យកមកបំពេញការងារ បើពុំដូច្នោះទេខ្លួននឹងត្រូវប្រឈមមុខនឹងការដកតំណែង។ល។ នេះហើយជាប្ញសកែវនៃអំពើអយុត្តិធម៌សង្គម ការប្រកាន់បក្សពួកនិយម និងអាណាធិបតេយ្យ ពោលគឺនរណាក៏អាចបំពានច្បាប់បានដែរ។ ម្យ៉ាងវិញ ស្ថាប័នបម្រើសេវាសាធារណៈ ក្លាយជាស្ថាប័នទីងមោង ធ្វើអ្វីមិនហ៊ានសម្រេចខ្លួនឯង សូម្បីតែប្តីប្រពន្ធឈ្លោះគ្នាក៏រង់ចាំការសម្រេចពីនាយករដ្ឋមន្រ្តី ឬ “អនុសាសន៍ដ៏ថ្លៃថ្លា” ដែរ។
សូមលើកយកករណីជាក់ស្តែងប៉ុន្មានថ្ងៃកន្លងមកនេះមកវិភាគលេងៗចុះ។ យើងឃើញថា ស្ថាប័នសេវាសាធារណៈខ្មែរវាអសកម្មរហូតដល់ថា បើមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សង្រ្គោះបន្ទាន់ ប្រជាជនលែងពឹងផ្អែកសេវាកម្មរបស់រដ្ឋហើយ គេងាកទៅពឹងផ្អែកលើវិទ្យុ ABC និងរថយន្តសង្រ្គោះបន្ទាន់របស់វិទ្យុនេះទៅវិញ។
បើក្មេងៗឈឺ គេលែងទៅរកពេទ្យរដ្ឋហើយ គេទៅពេទ្យគន្ធបុប្ផាវិញ បើមានជម្លោះដីធ្លីផ្ទះសម្បែង គេលែងទៅរកអាជ្ញាធរ និងតុលាការឲ្យរកយុត្តិធម៌ហើយ គឺគេតវ៉ានៅគេហដ្ឋាននាយករដ្ឋមន្រ្តី ឬទៅបែរបន់អារុក្ខអារក្សអ្នកតាវិញ។
តើហេតុអ្វីបានជាប្រមុខរដ្ឋាភិបាលបណ្តោយឲ្យប្រព័ន្ធនៅស្រុកខ្មែរចុះខ្សោយដល់ថ្នាក់នេះ?
ទោះបីជាការងារមនុស្សធម៌ក៏ដោយ តែអ្វីៗគឺត្រូវនៅក្រោមច្បាប់ ទើបសង្គមមានតម្លៃ ទើបសង្គមមានការគោរពច្បាប់។ តាមការវិភាគលេងៗ រថយន្តសង្រ្គោះបន្ទាន់របស់វិទ្យុ ABC ប្រព្រឹត្តកំហុស ៣ ទាំងផ្លូវច្បាប់ និងកំហុសវិជ្ជាជីវ៖ ១. រថយន្តគ្មានស្លាកលេខ និងគ្មានការបង់ពន្ធនាំចូល ២. រថយន្តសង្រ្គោះបន្ទាន់តែមិនបានបំពេញទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ (គ្រូពេទ្យប្រចាំការជាមួយរថយន្ត។ល។) និង ៣. ឈ្មោះជារថយន្តសង្រ្គោះបន្ទាន់ តែទៅដឹកទឹកត្របែកធ្វើជំនួញជាលក្ខណៈឯកជនទោវិញ។ ហើយបើការលើកឡើងថា អ្នកចាប់រថយន្តមិនបានគោរពតាមនីតិវិធី សូមសួរថា ក្នុងករណីដែលប៉ូលីសចាប់រថយន្តដឹកគ្រញូងកន្លងមកសុទ្ធតែមានដីកាពីតុលាការឬ? ការចាប់រថយន្តដែលគ្មានស្លាកលេខ គ្មានប័ណ្ណឆៀក។ល។ ត្រូវតែទៅសុំដីកាពីតុលាការដែរឬ?
បើតាមការសង្កេតមើល ស្ថានភាពសព្វថ្ងៃអ្នកបង្កើតសាច់រឿងមានគោលបំណងពីរ៖ ទី១ ព្យាយាមឲ្យសាធារណជនបំភ្លេចការសម្លាប់ កែម ឡី កាលពីខែមុន និង ទី២ ព្យាយាមទាក់ទាញប្រជាប្រិយភាពតាមរយៈបុគ្គល ឬ ស្ថាប័នឯកជននានាដែលប្រជាជនពឹងអាស្រ័យ។ បើការរំដោះរថយន្តសង្រ្គោះបន្ទាន់របស់វិទ្យុ ABC មិនមែនដើម្បីប្រយោជន៍កេងចំណេញនយោបាយ មិនដឹងថាវិធីអ្វីផ្សេងពីហ្នឹងជួយកេងចំណេញលើសហ្នឹងទៀត។
រឿងនយោបាយជារឿងដោយឡែក តែមេដឹកនាំគួរបញ្ឈប់របៀបប្រជាភិថុត និងគួរតែព្យាយាមពង្រឹងការអនុវត្តច្បាប់ទើបគ្រោះថ្នាក់ចរាចរណ៍កាត់បន្ថយបាន អំពើអយុត្តិធម៌អាចកាត់បន្ថយបាន អាចទទួលភាពជឿជាក់ទៅលើស្ថាប័នសាធារណៈពីប្រជាជនឡើងវិញ។ ជួនកាលការចង់ចំណេញខ្លាំងពេក វាដាច់ចំណងទៅវិញទេ វាអាចខាតបង់ទាំងពេលវេលា ប្រាក់កាស តម្លៃរបស់បុគ្គលខ្លួនឯង ហើយនៅទីបំផុតបានទទួលត្រឹមតែការស្អប់ខ្ពើមមកវិញ។ គ្រប់កាលៈទេសៈទាំងអស់ តោងយើងទាំងអស់គ្នាចងចាំថា “ច្បាប់ត្រូវស្ថិតនៅទីកំពូល” ទើបសង្គមបានសុខ ហើយយើងត្រូវហ៊ានទទួលស្គាល់ថា ភាពវេទនារបស់យើងសព្វថ្ងៃគឺដោយសារ ទម្លាប់ធំជាងច្បាប់ហ្នឹងឯង!!!