ក្រសួងការបរទេសបានចេញលិខិតបំភ្លឺមួយថា មិនមានមានពលរដ្ឋខ្មែរបានស្លាប់ដោយសារការវាយធ្វើបាបនោះនៅមន្ទីរឃុំឃាំងជូរូ (Juru) ក្នុងប្រទេសម៉ាឡេស៊ី ដូចការលើកឡើងរបស់ស្រ្តីខ្មែរពីរនាក់ ដែលបានវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីនោះទេ។
ក្នុងសេចក្តីបំភ្លឺចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានអះអាងដោយផ្អែកលើការស្រាវជ្រាវពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីថា ពុំមានការវាយធ្វើបាបអ្នកជាប់ឃុំឃាំងនៅ មន្ទីរឃុំឃាំងជូរូ ក្នុងប្រទេសម៉ាឡេស៊ី និងពុំមានពលរដ្ឋខ្មែរស្លាប់នៅទីនោះទេ។
សេចក្តីបំភ្លឺបន្តថា គិតមកទល់ពេលនេះ ពុំមានប្រជាពលរដ្ឋខ្មែរជាប់នៅពន្ធនាគារជូរូ ទៀតទេ។
កាលពីថ្ងៃទី១៥ ខែសីហា ព្រឹត្តិប័ត្រសារព័ត៌មានខេមបូឌា ដេលី (Cambodia Daily) បានចុះផ្សាយអំពីការវាយធ្វើបាបលើពលរដ្ឋខ្មែរដែលជាប់ឃុំនៅមន្ទីរឃុំឃាំងជូរូ ក្នុងប្រទេសម៉ាឡេស៊ី រហូតដល់មានស្លាប់មួយចំនួន ដោយផ្អែកលើការផ្តល់បទសម្ភាសន៍ពីស្រ្តីខ្មែរពីរនាក់ដែលទើបនឹងវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីវិញ កាលពីពាក់កណ្តាលខែមិថុនា តាមរយៈមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ដែលបានចំណាយថ្លៃសំបុត្រយន្តហោះរបស់ពួកគេឲ្យមកស្រុកវិញ។
ពួកគេទាំងពីរនាក់ត្រូវបានសង់ត្រាលសុំមិនបញ្ចេញឈ្មោះ ដោយហេតុផលសុវត្ថិភាព។
ស្រ្តីម្នាក់ក្នុងចំណោមពីរនាក់នោះដែលបានធ្វើការជាអ្នកបម្រើតាមផ្ទះនៅម៉ាឡេស៊ីនិងធ្លាប់ត្រូវបានចាប់ខ្លួនយកទៅក្នុងមន្ទីរឃុំឃាំងជូរូ ដោយសាររត់គេចពីការវាយធ្វើបាបរបស់ម្ចាស់ផ្ទះ បានប្រាប់ព្រឹត្តិប័ត្រសារព័ត៌មានខេមបូឌា ដេលី ថាខ្លួនបានឃើញផ្ទាល់ភ្នែកនូវការស្លាប់របស់ជនជាតិខ្មែរជាច្រើននាក់ ដោយសារការវាយធ្វើបាបជាធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា បញ្ហានេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេស ឆ្លើយក្នុងលិខិតបំភ្លឺថា មានពលរដ្ឋខ្មែរម្នាក់ស្លាប់មែន ប៉ុន្តែស្លាប់ដោយសារតែជម្ងឺនៅក្នុងមន្ទីរពេទ្យម៉ាឡេស៊ី។ ចំណែកឯស្រ្តីខ្មែរពីរនាក់ ដែលបានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីជាប់ឃុំឃាំងក្នុងពន្ធនាគារជូរូ នោះ គឺធ្វើការគ្មានច្បាប់អនុញ្ញាតិ និងគ្មានលិខិតឆ្លងដែន ហើយអ្នកទាំងពីរនោះក៏មិនបានលើកឡើងពីការវាយធ្វើបាប ទៅកាន់ស្ថានទូតឡើយ៕