តម្រួតថៃ កាលពីថ្ងៃម្សិលមិញ បានកំណត់អត្តសញ្ញាណបុរសថៃម្នាក់ ជាជនសង្ស័យនៅក្នុងការស៊ើបអង្កេតរបស់ពួកគេ នៅក្នុងការវាយប្រហារដែលបានសម្លាប់មនុស្ស ៤នាក់ និងបណ្ដាឲ្យមនុស្សរាប់សិបនាក់រងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសថៃ កាលពីមួយសប្ដាហ៍មុន។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីអ្នកនាំពាក្យតម្រួតថៃ លោក Kissana Phatanacharoen ដែលបានកំណត់អត្តសញ្ញាណជនសង្ស័យ មានឈ្មោះ Ahama Lengha មកពីខេត្តណារ៉ាធីវ៉ាត់ នៅជិតព្រំដែនថៃ-ម៉ាឡេស៊ី។
តុលាការយោធាថៃ កាលពីថ្ងៃអង្គារកន្លងមក បានចេញដីកាចាប់ខ្លួនមួយជនសង្ស័យម្នាក់ ចំពោះការប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅកោះភូកេត។
លោក Kissana បាននិយាយថា ជនសង្ស័យ Ahama មិនត្រូវបានគេចាប់ខ្លួននៅឡើយទេ ហើយគេមិនដឹងថា តើជនសង្ស័យរូបនេះ ស្ថិតនៅក្នុងប្រទេស ឬនៅទីណានោះទេ។
គ្មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនានា ដែលបានកើតឡើងប៉ុន្មានថ្ងៃក្រោយការបោះឆ្នោតប្រជាមតិទៅលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីស្នើឡើងដោយពួកយោធានោះឡើយ។
តម្រួត និងរដ្ឋាភិបាលថៃ បានសម្រេចនៅប៉ុន្មានម៉ោងក្រោយការវាយប្រហារទាំងនោះថា មិនមានជាប់ពាក់ព័ន្ធនឹងពួកឧទ្ទាមបរទេស ហើយអះអាងថា ជនដៃដល់ គឺជាមនុស្សនៅក្នុងស្រុក៕