ក្រុមសកម្មជនជានិស្សិតម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញ បានប្រមូលផ្ដុំគ្នាទាមទារឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ ដែលជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតមួយរបស់រដ្ឋាភិបាលអាមេរិក ទៅលើករណីឆបោកដ៏ធំ នៅក្នុងមូលនិធិរដ្ឋដែលលោក ណាជីប ជាអ្នកគ្រប់គ្រង។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
AP បានផ្សាយបន្តថា មនុស្សជាង ១ពាន់នាក់ បានប្រឈមមុខនឹងការហាមឃាត់របស់ប៉ូលិស ខណៈដែលពួកគេប្រមូលផ្ដុំនៅទីតាំងពីរកន្លែង នៅទីក្រុងគួឡាឡុំពួ ដោយលើកបដា និងរូបគំនូរលោក ណាជីប ក្រុមគ្រួសារ និងសហការី។
ក្រសួងយុត្តិធម៌អាមេរិក កាលពីខែមុនបាននិយាយថា ទឹកប្រាក់យ៉ាងតិច ៣.៥ពាន់លានដុល្លារ ត្រូវបានគេលួចពីមូលនិធិអភិវឌ្ឍន៍ម៉ាឡេស៊ី ដែលបង្កើតឡើងដោយលោក ណាជីប។ ក្រសួងយុត្តិធម៌អាមេរិក បានចាត់វិធានការរឹបអូសមូលនិធិ ១.៣ពាន់លានដុល្លារ ដែលខ្លួននិយាយថា ត្រូវបានគេប្រើប្រាស់សម្រាប់ទិញទ្រព្យសម្បត្តិនៅអាមេរិក ក្នុងនោះមានផ្ទះប្រណិតៗ វត្ថុសិល្បៈ និងរថយន្ត។
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយក្នុងពាក្យបណ្ដឹងថា មូលនិធិជាង ៧០០លានដុល្លារ បានចុះក្នុងគណនីបុគ្គលម្នាក់ ដែលគេបង្ហាញថាជា «មន្ត្រីម៉ាឡេស៊ីលំដាប់ទី ១»។ ពាក្យបណ្ដឹងនោះមិនបានបង្ហាញឈ្មោះមន្ត្រីរូបនោះឡើយ ប៉ុន្តែ វាហាក់សំដៅទៅដល់លោក ណាជីប៕