សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា កាលពីថ្ងៃម្សិលមិញ ប្រកាសគាំទ្រសាលាហ្សាម៉ាន់ បន្ទាប់ពីរដ្ឋាភិបាលតួកគីបានស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យបិទសាលាមួយនេះ។
នៅក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី២២ ខែសីហា អគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា លោក Ilhan Khemal Tug បានស្នើជាផ្លូវការទៅរដ្ឋាភិបាលកម្ពុជា ឲ្យបិទសាលាហ្សាម៉ាន់ ដោយចោទថា ស្ថាប័នអប់រំគ្រប់គ្រងដោយជនជាតិតួកគីមួយនេះ មានជាប់ពាក់ព័ន្ធនឹងចលនាលោក Fethullah Gulen បុព្វជិតអ៊ីស្លាមរស់នៅអាមេរិក ដែលត្រូវរដ្ឋាភិបាលតួកគីចោទថាជាមេខ្លោងនៃរដ្ឋប្រហារយោធាមិនបានសម្រេចនៅប្រទេសតួកគីកាលពីពាក់កណ្ដាលខែកក្កដាកន្លងមក។
ប៉ុន្តែ លោក Ejder Kilic ប្រធានក្រុមហ៊ុនហ្សាម៉ាន់ ដែលជាក្រុមហ៊ុនមេគ្រប់គ្រងលើសាលាហ្សាម៉ាន់ កាលពីថ្ងៃទី២៣ ខែសីហា បានច្រានចោលជាថ្មីម្ដងទៀតចំពោះការចោទប្រកាន់នេះ។
សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដែលមានសាលាហ្សាម៉ាន់ជាសមាជិកផងដែរនោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការកាលពីថ្ងៃម្សិលមិញថា សំណើរបស់រដ្ឋាភិបាលតួកគី មិនត្រឹមត្រូវតាមច្បាប់កម្ពុជានោះឡើយ និងបង្កឲ្យមានក្ដីបារម្ភអំពីអនាគតរបស់សិស្ស និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅគ្រឹះស្ថានអប់រំមួយនេះ។
សមាគមអប់រំមួយនេះ ក៏បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងសាលាហ្សាម៉ាន់ទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងរក្សាប្រតិបត្តិការរបស់ខ្លួនដដែល មុននឹងមានការសម្រេចណាមួយពីរដ្ឋាភិបាល។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះសំណើរបស់រដ្ឋាភិបាលតួកគី។
អគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា លោក Ilhan Khemal Tug កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងមក បានចោទប្រកាន់សាលាហ្សាម៉ាន់ថា មានជាប់ពាក់ព័ន្ធនឹងចលនាលោក Fethullah Gulen ដែលអាជ្ញាធរតួកគីចោទថា ជាអ្នករៀបចំផែនការធ្វើរដ្ឋប្រហារយោធាមិនបានសម្រេចប្រឆាំងនឹងប្រធានាធិបតី លោក Tayyip Erdogan កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងមក។
យោងតាមការផ្សាយរបស់សារព័ត៌មាន BBC ការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនៅតួកគី បានសម្លាប់មនុស្សជាង ២៧០នាក់ ហើយអាជ្ញាធរបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ដោយចោទថាជាអ្នកគាំទ្រលោក Gulen៕