គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. នៅថ្ងៃនេះ បានប្រកាសថា មានប្រជាពលរដ្ឋជាង ៣៧ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោត នៅក្នុងរយៈពេល ៣ថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប. បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះ រហូតដល់ចុងខែវិច្ឆិកាខាងមុខ។
យោងតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ចេញផ្សាយនៅរសៀលថ្ងៃនេះ គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃនេះ គ.ជ.ប. ចុះបញ្ជីប្រជាពលរដ្ឋបានជាង ៣៧ម៉ឺននាក់ ឬជិត ៤ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩.៦លាននាក់ នៅទូទាំងប្រទេស។
យោងតាមរបាយការណ៍ គ.ជ.ប. ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ បានកើនឡើងពីចំនួនជាង ២៩ម៉ឺននាក់ គិតត្រឹមល្ងាចថ្ងៃម្សិលមិញ ឬមានកំណើនជាង ៨ម៉ឺននាក់មកដល់ថ្ងៃទី០៣ ខែកញ្ញានេះ។
គ.ជ.ប. កាលពីថ្ងៃម្សិលមិញ ក៏បានសម្រេចឲ្យមានការចុះឈ្មោះបោះឆ្នោតនៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខផងដែរ៕