ប្រជាពលរដ្ឋ ៦នាក់មកពីសហគមន៍មានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ និងអ្នកលក់ប៉េងប៉ោង ៤នាក់ ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួន និងបញ្ជូនទៅអធិការនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃអាទិត្យនេះ អំឡុងពេលពួកគេប្រមូលផ្ដុំនៅខាងក្រៅពន្ធនាគារព្រៃស ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ពួកគេកំពុងជាប់ឃុំនៅទីនោះ។ នេះដោយយោងតាមការអះអាងពីក្រុមសិទ្ធិមនុស្ស និងសកម្មជនដីធ្លី។
លោក ចាន់ ពុទ្ធិស័ក្តិ សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ បានបង្ហោះសារលើហ្វេសប៊ុករបស់លោកថា អាជ្ញាធរខណ្ឌដង្កោ បានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ១០នាក់ ក្នុងពេលត្រៀមធ្វើយុទ្ធនាការសម្ដែងមតិ និងបង្ហោះប៉េងប៉ោង ដើម្បីទាមទារយុត្តិធម៌សម្រាប់ អ្នកស្រី ទេព វន្នី អ្នកការពារសិទ្ធិមនុស្សអាដហុក ៤រូប និងមន្ត្រីរៀបចំការបោះឆ្នោត ១រូប។
លោក ពុទ្ធិស័ក្តិ បន្តថា ក្នុងចំណោមនោះ មានសកម្មជនដីធ្លីសហគមន៍បឹងកក់ម្នាក់ អ្នកស្រី ង៉ែត ឃុន សមាជិកសហគមន៍ថ្មគោល ៥នាក់ ក្នុងនោះមានកុមារីម្នាក់ និងអ្នកលក់ប៉េងប៉ោង ៣នាក់។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បាននិយាយនៅគេហទំព័ររបស់ខ្លួនថា ប្រជាពលរដ្ឋប្រហែល ១០០នាក់ មកពីសហគមន៍ដីធ្លី និងក្រុមដទៃទៀត បានប្រមូលផ្ដុំគ្នានៅខាងក្រៅពន្ធនាគារព្រៃស ដើម្បីអំពាវនាវឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស ក្នុងនោះមានតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ផងដែរ។
អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានកម្លាំងសន្តិសុខរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែសីហាកន្លងមក អំឡុងពេលពួកគេរៀបចំយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ នៅក្នុងសហគមន៍របស់ពួកគេ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត។
សកម្មជនដីធ្លីទាំងពីររូប កាលពីថ្ងៃទី២២ ខែសីហាកន្លងមក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យជាប់ពន្ធនាគារ ៦ថ្ងៃ ក្រោមការចោទប្រកាន់ពីបទជេរប្រមាថអ្នករាជការសាធារណៈ។
អ្នកស្រី បូវ សោភា ត្រូវបានដោះលែងក្រោយជាប់ឃុំបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ ប៉ុន្តែ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទប្រកាន់ថា បានប្រមាថអ្នករាជការសាធារណៈ នៅក្នុងករណីដាច់ដោយឡែកមួយផ្សេងទៀត។
អ្នកស្រី ទេព វន្នី និងសមាជិកសហគមន៍បឹងកក់ដទៃទៀត តែងតែរៀបចំយុទ្ធនការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រីរៀបចំការបោះឆ្នោត ១រូប ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០២ ខែឧសភាកន្លងមក ជុំវិញសំណុំរឿងកញ្ញា ខុម ចាន់តារាទី ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា៕