ក្រុម​យុវជន​ថា អាជ្ញាធរ​ខេត្ត​សៀមរាប​រារាំង​ពួកគេ​ឃោសនា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ក្រុម​យុវជន​ហែក្បួនផ្សព្វផ្សាយ សារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.​(រូបថត៖ បូ សាវី)

អាជ្ញាធរខេត្ដសៀមរាប នៅថ្ងៃសៅរ៍នេះ បានរារាំងយុវជនមួយក្រុមប្រមាណ ៦០នាក់ មិនឲ្យហែក្បួនផ្សព្វផ្សាយ សារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ដើម្បីជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ក្រោមហេតុផលថា គ្មានច្បាប់អនុញ្ញាតិ។

យុវជនមួយរូប ដែលចូលរួមហែក្បួននៅខេត្ដសៀមរាប លោក ឃិន វណ្ឌី ប្រាប់ វីអូឌី(VOD) ថា កម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថប្រហែល ២០នាក់ បានរារាំងយុវជនមិនឲ្យហែក្បួនជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដែលអាជ្ញាធរថា យុទ្ធនាការនេះ ធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាតិ។

លោកបន្ដថា ការហែក្បួននេះ  ពួកគាត់បានផ្សព្វផ្សាយសាររបស់ គ.ជ.ប. ដែលបានប្រកាសឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត ដែលលោកចាត់ទុការរាំងរបស់អាជ្ញាធរនេះ ជាទង្វើមួយមិនចង់ឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត។

លោកបន្ដថា៖ “សារហ្នឹង និងស្ទីកឃ័រហ្នឹង គឺជារបស់ គ.ជ.ប. គ្រាន់តែចាក់សំឡេងឲ្យដឹង និងជំរុញឲ្យពួកគាត់ទៅចុះឈ្មោះបោះឆ្នោត តែអាជ្ញាធរធ្វើហ្នឹងមិនត្រឹមត្រូវ។ ល្ងាចនេះ ពួកខ្ញុំដាក់ពាក្យប្ដឹងទៅក្រុមប្រឹក្សាសង្កាត់ និង គ.ជ.ប. ពីបទរារាំងពលរដ្ឋផ្សព្វផ្សាយច្បាប់ គ.ជ.ប.ឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត”។

ទាក់ទងករណីនេះ អភិបាលក្រុងសៀមរាប លោក សូ ប្លាតុង មានប្រសាសន៍ថា ការរារាំងនេះ ដោយសារក្រុមយុវជនទាំងនោះមកពីគណបក្សសង្គ្រោះជាតិហែក្បួន មិនបានសុំច្បាប់អនុញ្ញាតិជាមុន ដែលលោកចាត់ទុកថា ជាទង្វើខុសច្បាប់។ ប៉ុន្ដែ លោកមិនបានបញ្ជាក់ថា ជាច្បាប់អ្វីនោះទេ។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដសៀមរាប លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា ការផ្សព្វផ្សាយឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោតនេះ មិនតម្រូវឲ្យមានការសុំច្បាប់អនុញ្ញាតនោះទេ។

ជាមួយគ្នានោះដែរ លោកថា ការហែក្បួននេះ ផ្សព្វផ្សាយសារមួយចំនួន និយាយពីការចុះឈ្មោះបោះឆ្នោតរបស់គ.ជ.ប. ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។

លោកទទួចឲ្យអាជ្ញាធរបើកទូលាយពីការផ្សព្វផ្សាយច្បាប់គ.ជ.ប. ដើម្បីឲ្យពលរដ្ឋយល់ដឹងពីថ្ងៃចុះឈ្មោះ និងថ្ងៃបញ្ចប់ពីការចុះបោះឆ្នោត។

បើតាមប្រតិទិន គ.ជ.ប. ការចុះឈ្មោះបោះឆ្នោត បាន និងកំពុងធ្វើឡើងចាប់ពីដើមខែកញ្ញានេះ រហូតដល់ចុងខែវិច្ឆិកាខាងមុខ។

របាយការណ៍ គ.ជ.ប. បានឲ្យដឹងថា មានពលរដ្ឋជាង ១លាន ៣៩ម៉ឺននាក់ បានចុះបោះឆ្នោត នៅក្នុងរយៈពេល ៩ថ្ងៃកន្លងមកនេះ ឬស្មើនឹងជាង ១៤ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់ នៅទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ