គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង១លាន៨០ម៉ឺននាក់បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល១២ថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាននិងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះរហូតដល់ចុងខែវិច្ឆិកាខាងមុខ ក្នុងនោះការចុះឈ្មោះក៏នឹងត្រូវធ្វើនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខផងដែរ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះបានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង១លាន៨០ម៉ឺននាក់ឬជិត១៩ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន៦៦ម៉ឺននាក់នៅទូទាំងប្រទេស។
បើធៀបទៅថ្ងៃទី១១ ខែកញ្ញា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះបានកើនឡើងជាង១៣ម៉ឺន៧ពាន់កាលពីថ្ងៃម្សិលមិញ៕