លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើដល់ភាគីពាក់ព័ន្ធចូលរូមធ្វើឲ្យវិស័យអប់រំនៅកម្ពុជាបានល្អប្រសើរ ដោយលោកបានលើកឡើងថា កុំស្អីឡើងបន្ទោសរាជរដ្ឋាភិបាល ខណៈបើមើលកូនខ្លួនឯងមិនបានផងនោះ។
ក្នុងពីធីជួបជាមួយសិស្សដែលទទួលនិទ្ទេស A ចំនួន៤០៥នាក់នៅវិមានសន្តិភាព លោកនាយករដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានបង្កើតសាលារៀន មន្ទីរពេទ្យ ទឹក និងផ្លូវគមនាគមន៍ជូនដល់ប្រជាពលរដ្ឋហើយ ដែលលោកថា ភារកិច្ចបន្តជាតួនាទី របស់ឪពុកម្តាយ និងសិស្សដែលត្រូវបញ្ជូន និងទៅសាលារៀន។
លោកមានប្រសាសន៍ថា “អញ្ចឹងឥឡូវសាលាមានគ្រប់ទិសទីហើយ វានៅសល់តែបញ្ហាការខិតខំប្រឹងប្រែងហើយមុនបង្អស់ កុំស្អីឡើងបន្ទោសតរដ្ឋាភិបាល ស្អីឡើងបន្ទោសអជ្ញាធរ។ កូនខ្លួនឯងមិនទៅរៀន កូនខ្លួនឯងមិនព្រមទៅរៀន! ក៏មកបន្ទោសរដ្ឋាភិបាល។ ហើយចុះយើងម្នាក់ឯងនេះត្រឹមតែកូន៤ ៥នាក់ ឬពីរបីនាក់ប្រដៅកូនមិនបានផង មកជេររដ្ឋាភិបាល ដែលមានប្រជាជន១៥លាននាក់ គ្រាន់តែសិស្ស៣លានកន្លះ ” ។
គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០១៥ លោកសម រង្ស៊ី បានរិះគន់ទៅលើប្រព័ន្ធអប់រំនៅកម្ពុជាដោយថានៅទន់ខ្សោយជាទីបំផុតនិងថា សញ្ញាបត្រនៅកម្ពុជាភាគច្រើនគឺពុំមានតម្លៃ។ បន្ទាប់ពីមានការរិះគន់នេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានឆ្លើយតបទៅវិញថានេះជាការប្រមាថដល់ប្រជាជនគ្រប់រូប និងវិស័យអប់រំនៅកម្ពុជា។