រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទ លើកឡើងថា ករណីកសិករធ្វើបាតុកម្មចាក់ស្រូវបិទផ្លូវនៅពេលថ្មីៗនេះ ជាសញ្ញាបង្ហាញថា ផលិតផលកសិកម្មនៅឆ្នាំនេះ ទទួល បានផលគាប់ប្រសើរលើសការរំពឹងទុក។
បន្ទាប់ពីកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទកសិកម្ម និង ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ស្តីពីការបង្កើតមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និង អាហារូបត្ថម្ភ កាលពីម្សិលមិញលោក វេង សាខុន ប្រាប់អ្នកសារព័ត៌មានថា កសិករនៅខេត្តបាត់បង់ចាក់ស្រូវបិទផ្លូវគឺបង្ហាញថា ទិន្នផលស្រូវផលិតបានគាប់ប្រសើរលើសផែនការ។ នេះ បើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី។
ទន្ទឹមនឹងនោះ លោក វេង សាខុន ក៏បានលើកឡើងដែរថា ការធ្វើបាតុកម្មនោះ ជាការញុះញង់ឡើងរបស់ក្រុមណាមួយ ដើម្បីផលចំនេញនយោបាយ។
កាលពីថ្ងៃទី១៨ ខែកញ្ញា កសិករ ប្រមាណ១ពាន់នាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាចាក់ស្រូវប្រមាណ៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទាមទារឲ្យ រដ្ឋា ភិបាល ជួយដោះស្រាយរកទីផ្សារ សម្រាប់លក់ស្រូវរបស់ពួកគេ។