គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ៣លាន ៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេលជាង ២០ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញានេះ រហូតដល់ចុងខែវិច្ឆិកាខាងមុខ ក្នុងនោះការចុះឈ្មោះ ក៏នឹងត្រូវធ្វើនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខផងដែរ។
លទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ៣លាន ៥ម៉ឺននាក់ ឬត្រូវនឹងជាង ៣១ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់នៅទូទាំងប្រទេស។
បើធៀបទៅថ្ងៃទី២១ ខែកញ្ញា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ បានកើនឡើងជាង ១១ម៉ឺន ៩ពាន់កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងមកនេះ៕