កាសែតបាងកក ប៉ុស្តិ៍ បានផ្សាយថា គណៈកម្មាធិការមួយរបស់រដ្ឋាភិបាលយោធាថៃ បានសម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវតែបង់សំណងជាង ៣៥ពាន់លានបាត សម្រាប់បរាជ័យនៃកម្មវិធីស្រូវអង្កររបស់អ្នកស្រីនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៤កន្លងមក។
បាងកក ប៉ុស្តិ៍ បានបន្តថា សំណងនេះអាចកើនឡើងថែមទៀត នៅពេលរបបយោធាថៃ ស៊ើបអង្កេតករណីជាច្រើនទៀត ប្រឆាំងនឹងអ្នកស្រី ក្នុងនោះមានទាំងសំណងសម្រាប់បរាជ័យដែលកើតចេញពីការរៀបចំផែនការឆ្លើយតបមិនត្រឹមត្រូវ ទៅនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅឆ្នាំ២០១១ផងដែរ។
កាសែតថៃមួយនេះ បានដកស្រង់សម្ដីប្រធានក្រុមប្រឹក្សាជំនុំជម្រះក្ដី លោក ម៉ាណាស់ ចាំវេហា ដែលបាននិយាយថា អ្នកស្រី យីងឡាក់ ទទួលខុសត្រូវសំណង ២០ភាគរយ នៃការខាតបង់នូវទឹកប្រាក់ ១៧៨លានបាត ដែលកើតចេញពីកម្មវិធីស្រូវអង្ករអំឡុងរដូវច្រូតកាត់ឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។
បើតាមលោក ម៉ាណាស់ អ្នកស្រី យីងឡាក់ មិនបានប្រព្រឹត្តខុសទេ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយសន្យាជួយដល់កសិករ តាមរយៈការទិញស្រូវរបស់ពួកគេ ប៉ុន្តែ លោកថា អ្នកស្រីទទួលខុសត្រូវចំពោះការបន្តដំណើរការកម្មវិធីនោះ នៅពេលដែលទីភ្នាក់ងាររដ្ឋ បានអំពាវនាវឲ្យបញ្ឈប់កម្មវិធីនេះ ដោយសារទំហំខាតបង់កាន់តែធំឡើង។
កាសែតថៃដដែលនេះ បានឲ្យដឹងថា គណៈកម្មាធិការត្រួតពិនិត្យរដ្ឋបាលមួយ បានរកឃើញថា ការខាតបង់ហិរញ្ញវត្ថុមានចំនួដល់ទៅជាង ២៨៦ពាន់លានបាត ស្ថិតក្រោមកម្មវិធីស្រូវអង្កររបស់អ្នកស្រី យីងឡាក់ ប៉ុន្តែ ចំនួននេះ បានធ្លាក់ចុះមកនៅត្រឹម ១៧៨ពាន់លានបាតវិញ៕