សមាជិកសភាភូមាម្នាក់ កាលពីថ្ងៃម្សិលមិញ បានថ្លែងថា ប្រទេសនេះបានលុបចោលច្បាប់មួយក្នុងចំណោមច្បាប់សឹក ដែលប្រើប្រាស់ដោយរបបយោធា ដើម្បីបំបាត់សំឡេងគូប្រជែងនយោបាយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ទុនទុន ហ៊ែន ប្រធានគណៈកម្មាធិការច្បាប់នៅសភា បានប្រាប់ Reuters ថា ការអនុម័តរបស់សភា មានន័យថា ការលុបចោលនេះ នឹងចូលជាធរមានក្នុងរយៈពេល ២សប្ដាហ៍។
បើតាម Reuters ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន បានផ្ដល់អំណាចយ៉ាងធំធេងដល់អាជ្ញាធរ ឲ្យចាប់ឃុំខ្លួនមនុស្សដោយគ្មានការចោទប្រកាន់ និងអនុញ្ញាតឲ្យតុលាការកាត់ទោសដោយពុំមានភស្តុតាងគ្រប់គ្រាន់។
សមាជិកសភារបស់ក្រុមយោធា ដែលមានចំនួន ២៥ភាគរយនៃអាសនៈសរុបនៅក្នុងសភាផ្អែកតាមរដ្ឋធម្មនុញ្ញចែងដោយពួកយោធានោះ បានជំទាស់ទៅនឹងការលុបចោលច្បាប់នេះ ដោយសម្អាងថា ច្បាប់នេះមានតម្លៃចំពោះសន្តិសុខជាតិ។
ច្បាប់នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥០ នៅពេលដែលប្រទេសភូមាប្រឈមមុខនឹងការបះបោរពីសំណាក់ក្រុមជនជាតិភាគតិច ប៉ុន្តែ ក្រោយមក វាត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងសកម្មជន បន្ទាប់ពីពួកយោធាដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ១៩៦២។
បើតាម Reuters គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិតេយ្យរបស់អ្នកស្រី អ៊ុងសាន ស៊ូជី បានដោះលែងអ្នកទោសនយោបាយ និងផ្ដោតលើការងាកចេញពីការប្រើប្រាស់ច្បាប់ទាំងឡាយ ដែលបន្សល់ទុកដោយរបបយោធាអស់ជាច្រើនទសវត្សរ៍មកហើយនោះ៕