ក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ បានឲ្យដឹងថា ខ្លួនបានជួយសង្គ្រោះពលរដ្ឋកម្ពុជាជិត ៦០០នាក់ នៅក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០១៦នេះ ដោយភាគច្រើននៃពលរដ្ឋកម្ពុជាទាំងនោះ ត្រូវបានបញ្ជូនមកពីប្រទេសជិតខាងកម្ពុជា មានវៀតណាម ថៃ និងម៉ាឡេស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅឯបរទេស បានជួយសង្គ្រោះ និងបញ្ជូនប្រជាពលរដ្ឋកម្ពុជាបានចំនួន ៥៧៨នាក់ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញាកន្លងមកនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ពលរដ្ឋកម្ពុជាក្នុងចំនួនដ៏ច្រើនដល់ទៅ ១៧៤នាក់ ត្រូវបានបញ្ជូនត្រឡប់មកពីប្រទេសវៀតណាម ខណៈដែលពលរដ្ឋកម្ពុជាត្រូវបានបញ្ជូនត្រឡប់ពីប្រទេសម៉ាឡេស៊ី និងថៃ មានចំនួន ១៥០នាក់ និង១៣៣នាក់។ ចំណែកចំនួនដទៃទៀត ត្រូវបានបញ្ជូនមកពីបណ្ដាប្រទេស ៨ផ្សេងទៀត ក្នុងនោះមានប្រទេសអារ៉ាប៊ីសាអ៊ូឌីត ១ករណីផងដែរ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ពុំបានបង្ហាញថា ពលរដ្ឋកម្ពុជាដែលត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ មានចំនួនកើនឡើង ឬធ្លាក់ចុះក្នុងកម្រិតណានោះឡើយ។
ក្រៅពីចំនួនពលរដ្ឋកម្ពុជាត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកមាតុភូមិវិញនោះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពលករកម្ពុជា ១៤៨៩០នាក់ ត្រូវបានបញ្ជូនទៅបម្រើការងារនៅក្នុងប្រទេសថៃ ខណៈពលរដ្ឋកម្ពុជាចំនួន ៥៩៦៥នាក់ទៀត ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង គិតត្រឹមខែកញ្ញាកន្លងមកនេះ៕