នាវាចម្បាំង ២គ្រឿងរបស់អាមេរិក បានចូលចតរយៈពេលខ្លីមួយ នៅឯមូលដ្ឋានកងទ័ពជើងទឹកវៀតណាម ស្ថិតនៅឆកសមុទ្រខាំរ៉ាញ់ ដែលជាការវិលត្រឡប់ដ៏សំខាន់របស់នាវាចម្បាំងអាមេរិក ទៅកាន់ទីតាំងភស្តុភាដ៏សំខាន់មួយ កាលពីអំឡុងសង្គ្រាមវៀតណាម។ នេះដោយយោងតាមការផ្សាយរបស់ Reuters ដែលបានដកស្រង់សេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃម្សិលមិញ។
Reuters បានរាយការណ៍ថា នាវា USS Frank Cable និងនាវាបំពាក់ទៅដោយមីស៊ីល USS John S. McCain បានធ្វើដំណើរទៅដល់មូលដ្ឋានកងទ័ពជើងទឹកវៀតណាមកាលពីថ្ងៃអាទិត្យកន្លងមកនេះ ដែលបង្ហាញពីការរីកចម្រើនដ៏ឆាប់រហ័សនៃទំនាក់ទំនងវិស័យយោធារវាងប្រទេសអតីតជាគូសត្រូវនឹងគ្នាទាំងពីរនេះ។
បើតាម Reuters ដំណើរទស្សនកិច្ចនៃនាវាចម្បាំងទាំង ២គ្រឿងនេះ បានកើតឡើងក្រោយពីអាមេរិកសម្រេចលុបចោលកាលហ៊ុំព័ទ្ធការលក់អាវុធរបស់ខ្លួនជាមួយប្រទេសវៀតណាម កាលពីខែឧសភាកន្លងមក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ “រក្សាតុល្យភាពឡើងវិញ”នៅតំបន់អាស៊ីរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
ការចូលចតរបស់នាវចម្បាំងអាមេរិកនេះ បានកើតឡើងចំពេលដែលវៀតណាម និងចិន មានជម្លោះតឹងតែងនឹងគ្នាជុំវិញដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង៕