ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃនេះ បានថ្លែងថា លោកនឹងដកទណ្ឌកម្មទៅលើប្រទេសភូមា ដោយបញ្ឈប់នូវបទបញ្ជាអាសន្នមួយ ដែលចាត់ទុកគោលនយោបាយរបស់អតីតរដ្ឋាភិបាលយោធាភូមា ជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក អូបាម៉ា បានថ្លែងដូច្នេះនៅក្នុងលិខិតមួយច្បាប់បញ្ជូនទៅក្រុមមេដឹកនាំសភា ដែលបានប្រកាសឲ្យដឹងពីការសម្រេចចិត្តរបស់លោក។ ក្នុងលិខិតនោះ លោក អូបាម៉ា បានថ្លែងថា លោកបានសម្រេចចិត្តថា ស្ថានការណ៍ដែលជំរុញឲ្យមានការលើកកម្ពស់ស្ថានភាពអាសន្នជាតិ បានផ្លាស់ប្ដូរយ៉ាងច្រើន តាមរយៈការរីកចម្រើននៃស្ថានភាពនយោបាយនៅប្រទេសភូមា ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ក្នុងនោះរួមមានទាំងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកផងដែរ៕