ក្រុមហ៊ុន Samsung Electronics បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងស៊ើបអង្កេតទៅលើសេចក្ដីរាយការណ៍នានាអំពីបញ្ហាខូចទូរស័ព្ទ Galaxy Note 7 របស់ខ្លួន ដែលបណ្ដាលមកពីបញ្ហាកម្ដៅថ្មទូរស័ព្ទ បន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទអាមេរិក AT&T បាននិយាយថា ខ្លួននឹងបញ្ឈប់ការផ្លាស់ប្ដូរទូរស័ព្ទប្រភេទនេះទៅអតិថិជន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានអាចនសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Samsung។
ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ប្រសិនបើរកឃើញថា បញ្ហាសុវត្ថិភាពទូរស័ព្ទកើតមាននោះ ក្រុមហ៊ុន Samsung នឹងចាត់វិធានការភ្លាមៗ ដើម្បីដោះស្រាយបញ្ហានេះ។
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Southwest Airline បានជម្លៀសអ្នកដំណើរចេញកាលពីសប្ដាហ៍មុន បន្ទាប់ទូរស័ព្ទ Galaxy Note 7 មួយគ្រឿង ចាប់ផ្ដើមហ៊ុយផ្សែងនៅលើយន្តហោះនោះ។ គ្រួសារដែលប្រើប្រាស់ទូរស័ព្ទនោះ និយាយថា វាជាទូរស័ព្ទដែលក្រុមហ៊ុន Samsung និយាយថា បានប្រើប្រាស់ថ្មមានសុវត្ថិភាព៕