អគ្គនាយកដ្ឋានពន្ធនាគារថាកំពុងធ្វើការស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួន ករណីអ្នកទោសម្នាក់រត់គេចខ្លួនខណៈចូលសំរាកនៅមន្ទីរពេទ្យរុស្ស៊ីកាលពីយប់ថ្ងៃទី៨តុលាកន្លងទៅ។
ប្រធានចលនារណសិរ្សរួបរួមជាតិ លោក សោម ឯក ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ៤៦ឆ្នាំ៦ខែ ទាក់ទងនឹងបទសមគំនិតភេរវកម្មនិងប្រើគ្រឿងផ្ទុះនិងគ្រាប់រំសេវខុសច្បាប់ និងការកេណ្ណបណ្តុះបណ្តាលភេរវកម្ម។
ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី១០ តុលា ដែលបានបញ្ជាដោយព្រះរាជអជ្ញារង សុំ វណ្ណនី បានបង្គាប់ឲ្យកងកម្លាំងសាធារណៈទាំងអស់តាមរកចាប់ខ្លួនឈ្មោះ សោម ឯក អាយុ៤៤ឆ្នាំ ដែលបានរត់គេចខ្លួនពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីកាលពីថ្ងៃទី៨តុលា បន្ទាប់ពីបានអនុវត្តន៍ទោសបានចំនួន៧ឆ្នាំ ៨ខែ និង២៥ថ្ងៃ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា បានឲ្យវីអូឌីដឹងថា លោក សោម ឯក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីទាំងយប់ក្រោយពេលដែលបានទទួលព័ត៌មានថាលោកមានជំងឺលើសឈាម និងបានរអិលដួល។ លោកបន្ថែមថា លោក សោម ឯក បានរត់គេចពីមន្ទីរពេទ្យនៅម៉ោងប្រមាណ១១យប់ថ្ងៃ៨ តុលា។ លោកបន្ថែមទៀតថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារកំពុងតែស៊ើបអង្កេតលើករណីនេះ និងបានដាក់ការសង្ស័យទៅលើមន្ត្រីពន្ធនាគារពីររូបដែលបានបញ្ជូនសោម ឯក ទៅមន្ទីរពេទ្យ។
លោកថា៖ “រឿងនេះមន្ត្រីក៏ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចដែរ មន្ត្រីដែលនាំគាត់ទៅពេទ្យនោះ អញ្ចឹងទេជំនាញកំពុងស្រាវជ្រាវរឿងហ្នឹង ដូច្នេះខ្ញុំអត់អាចអធិប្បាយបានលើសពីហ្នឹងទេ។ … តាមពិតទៅយើងក៏អត់ទាន់អាចសនិដ្ឋានបានថាជាការធ្វេសប្រហែស ឬក៏ជាការចូលរួមឬក៏សមគំនិតអីយ៉ាងមិញទេ តែរឿងនេះយើងកំពុងតែយកចិត្តទុកដាក់ខ្លាំងព្រោះបទល្មើសនេះធ្ងន់ធ្ងរណាស់។ បច្ចុប្បន្នគឺមន្ត្រីពីរនាក់ គាត់ប្រឈមច្រើនគឹគាត់អាចនឹងជាប់គុកខ្លូនឯងក៏មាន”។
បើតាមលោក សាវនា លោក សោម ឯក ក្រៅពីបានកាត់ទោសរួចហើយនូវបទល្មើសពីរខាងលើ។ សោម ឯក ក៏នៅជាប់បទល្មើសប្លន់មួយករណីទៀត ហើយនៅពេលនេះលោកប្រព្រឹត្តិបទល្មើសរត់គេចពីការអនុវត្តន៍ទោសមួយករណីបន្ថែមទៀត៕