រដ្ឋាភិបាលហៃទីបានប្រកាសថាចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះម៉ាថាយនៅភាគខាងត្បូងកាលពីសប្តាហ៍មុនបានកើនដល់៤៧៣នាក់ ចំណែកអ្នកនៅរស់រានមានជីវិតកំពុងជួបការលំបាកខ្លាំងដោយសារមិនមានជំរក ខ្វះអាហារ និងមិនមានទឹកស្អាតប្រើប្រាស់។
ក្រុមភ្នាក់ងារជួយសង្គ្រោះបានរាយការណ៍ថា ខណៈអ្នកស្លាប់កើនដល់ជិត៥០០នាក់នោះចំនួនអ្នកបាត់ខ្លួន៧៥នាក់មិនទាន់រកឃើញ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។
មនុស្សជាង១៧៥ ៥០០នាក់ កំពុងតែមិនមានជម្រកស្នាក់នៅក្រោយពេលផ្ទះរបស់ពួកគេ ត្រូវបំផ្លាញដោយខ្យល់ព្យុះ ហើយកុមារប្រមាណ១០០ ០០០នាក់ ត្រូវរក្សាទុកនៅសាលារៀនដើម្បីរក្សាសុវត្ថិភាព។
ក្រោយពេលព្យុះម៉ាថាយ វាយប្រហារប្រទេសក្រីក្រនេះ រដ្ឋាភិបាលបង្ហាញការព្រួយបារម្ភថា អាចនឹងមានការរាលដាលជំងឺឆ្លងផ្សេងៗ ដែលអាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ថែមទៀត។ ចំណែកអង្គការសុខភាពពិភពលោកបានសន្យាកាលពីថ្ងៃអង្គារម្សិលមិញថា នឹងបញ្ជូនថ្នាំវ៉ាក់សាំងការពារជំងឺអាសន្នរោគចំនួន១លានដូស ដើម្បីជួយដល់ពលរដ្ឋហៃទី។
ស្ថានីយ៍ចម្រោះទឹកស្អាតចំនួន២បានបញ្ជូនដល់ខេត្តរងគ្រោះរបស់ហៃទីកាលពីម្សិលមិញ ដែលជាផ្នែកមួយនៃការជួយរបស់រដ្ឋាភិបាលបារាំងលើផ្នែកមនុស្សធម៌ ហើយបាននាំទៅសម្ភារៈចំនួន៦៩តោនក្នុងនោះមានទាំងថ្នាំពេទ្យផងដែរ។ ស្ថានីយ៍ចម្រោះទឹកនីមួយៗ អាចផលិតបានទឹកសម្រាប់បរិភោគចំនួន២៥០ ០០០ លីត្រ ក្នុងមួយថ្ងៃ៕