ការិយាល័យព្រះបរមរាជវាំងបានប្រកាសថា សុខភាពរបស់ស្តេចថៃនៅតែមានការប្រែប្រួល នៅមិនទាន់អាចកំណត់ពីភាពច្បាស់លាស់នៅឡើយ ខណៈប្រជាពលរដ្ឋថៃកំពុងតែមានការព្រួយបារម្ភហើយធ្វើពិធីបន់ស្រន់នៅទូទាំងប្រទេស។
ការចុះផ្សាយរបស់សារព័ត៌មានChannel News Asia ដកស្រង់សម្តីរបស់មន្ត្រីព្រះបរមរាជវាំងចុះផ្សាយនៅថ្ងៃទី១៣ខែតុលានេះ សុខភាពរបស់ស្តេចថៃពេលនេះ គឺនៅតែមិននឹងនរគឺ សម្ពាធឈាម មានការធ្លាក់ចុះ ជីបចរដើរញាប់ ចំណែកថ្លើមមិនដំណើរការដូចធម្មតាទេ។ លទ្ធផលនៃការធ្វើតេស្តឈាមបង្ហាញថា មានការឆ្លងរោគ។
សេចក្តីប្រកាសរបស់វាំងបញ្ជាក់ថា ពេលនេះស្តេចថៃ កំពុងដែលដកដង្ហើមដោយមានការជំនួយពីម៉ាស៊ីន ហើយក្រុមគ្រូពេទ្យជំនាញកំពុងតាមដានស្ថានភាពជំងឺ។
តាមការប្រកាសរបស់ក្រុមគ្រួពេទ្យគឺ ឈាមរបស់ស្តេចថៃ មានឡើងជាតិអាស៊ីត ហើយពេលនេះគ្រូពេទ្យកំពុងតែប្រើវិធីសាស្ត្រក្នុងការបន្ថយជាតិអាស៊ីត៕