លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រាយការណ៍ទូលព្រះមហាក្សត្រថា ករណីលោក សម រង្ស៊ី និងលោក កឹម សុខា នៅតុលាការគឺជាការអនុវត្តច្បាប់នៅក្នុងសង្គមនីតិរដ្ឋ។
លិខិតមួយច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១២ខែតុលា ទូលថ្វាយព្រះមហាក្សត្រថា លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំនិងពិន័យជាប្រាក់៨លានរៀលតាមសាលក្រមចុះថ្ងៃទី១៣ខែតុលាឆ្នាំ២០១១។ ចំណែកលោក កឹម សុខា ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៥ខែពិន័យជា ប្រាក់៨សែនរៀលតាមសាលក្រមកាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៦។
ក្នុងលិខិតនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ករណីលោក សម រង្ស៊ី និងលោក កឹម សុខា ជាករណីអនុវត្តច្បាប់និងជាកិច្ចការរបស់តុលាការ។
លោក ហ៊ុន សែន ថ្វាយលិខិតទៅព្រះមហាក្សត្រនៅពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី និងលោក កឹម សុខា ថ្វាយលិខិតទៅព្រះមហាក្សត្រកាលពីថ្ងៃទី៨ខែតុលា សុំឲ្យព្រះអង្គជួយអន្តរាគមន៍លើកលែងទោសនិងទម្លាក់ចោលការចោទប្រកាន់នានាលើសកម្មជនការពារសិទ្ធិមនុស្ស ការពារបរិស្ថាន មន្ត្រី គ.ជ.ប រួមទាំងសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ៕