សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្នអ្នករកស៊ីឈើល្បីឈ្មោះមួយរូបនៅភាគឦសាន្ត ដោយការចោទប្រកាន់ថាពាក់ព័ន្ធការរកស៊ីឈើខុសច្បាប់និងបទល្មើសមួយចំនួនទៀត។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ខែតុលាម្សិលមិញ បានចោទស្ត្រីម្នាក់ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង អាយុ៥៧ឆ្នាំ ជាជនជាតិវៀតណាម ចំនួនបីករណី។ ចោទពាក់ព័ន្ធការប្រមូលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ជាទណ្ឌិតបរទេសចូលរស់នៅទឹកដីកម្ពុជា និងចុងក្រោយចោទថាប្រឆាំងអ្នករាជការសាធារណៈ។
អគ្គស្នងការនគរបាលជាតិចុះផ្សាយថា ស្រ្តីរូបនេះមានកន្លែងស្តុកឈើខុសច្បាប់ជាច្រើនកន្លែង នៅក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង។
លោកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសវិធានការម្តងហើយម្តងទៀត ក្នុងប្រឆាំងបទល្មើសជួញឈើខុសច្បាប់។ នៅអាណត្តិទី៥នេះ លោកនាយករដ្ឋមន្ត្រីបានបង្កើតក្រុមការងារចម្រុះ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលលើកឡើងថាវិធានការរបស់លោកនាយករដ្ឋមន្ត្រីហាក់មិនសូវមានប្រសិទ្ធភាពនោះទេ៕