ម៉ាឡេស៊ីអំពាវនាវឲ្យមានការសហការគ្នាការពារតំបន់អាស៊ីអាគ្នេយ៍ ខណៈពួកក្រុមភេរវកម្មរដ្ឋឥស្លាមកំពុងតែបើកការវាយប្រហារខ្លាំងនៅក្នុងទីក្រុងម៉ូស៊ូលនៃប្រទេសអ៊ីរ៉ាក់ បន្ទាប់មកឆ្ពោះមកកាន់តំបន់អាស៊ីអាគ្នេយ៍។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសភានៅព្រឹកថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោកHishammuddin Hussein លើកឡើងថា ក្រុមភេរវកម្មរាប់ម៉ឺននាក់កំពុងតែវាយលុកគ្រប់គ្រងអ៊ីរ៉ាក់និងតំបន់ខ្លះទៀតនៃប្រទេស៊ីរី មុនពេលដែលពួកគេត្រូវធ្វើដំណើរមកតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
លោក Hussein ថ្លែងថាមានអ្នកចារកម្មជាតិនិងអន្តរជាតិរាយការណ៍ប្រាប់លោកថា ក្រុមភេរវកម្មមិនតិចទេ ហើយបន្ទាប់ពីកាន់កាប់អ៊ីរ៉ាក់និងផ្នែកខ្លះនៃស៊ីរីបាន ហើយពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញមិនថាបារាំងឬប្រទេសផ្សេងៗទេ ហើយនឹងរាតត្បាតតំបន់ផ្សេងៗទៀត។ លោកថាដូច្នេះបណ្តាលប្រទេសអាស៊ីអាគ្នេយ៍ត្រូវរៀបចំការពារឲ្យបានល្អ។
លោក Hussein ថានៅពេលនេះគេមិនទាន់ដឹងចំនួនពួកភេរវកម្មមានចំនួនប៉ុន្មានច្បាស់លាស់នៅក្នុងតំបន់ទេព្រោះពួកគេមិនទាន់ចាប់ផ្តើមធ្វើសកម្មភាពគឺគ្រាន់តែដឹងថាមានចំនួនច្រើន។ លោកថាកាលណាចំនួនក្រុមភេរវកម្មកាន់តែច្រើន ក្នុងតំបន់មានការគំរាមកំហែងកាន់តែខ្លាំង៕