សារព័ត៌មាន BBC បានចុះផ្សាយថា មនុស្សយ៉ាងតិច ១៩នាក់ បានស្លាប់ បន្ទាប់ពីអគ្គិភ័យមួយបានឆាបឆេះមន្ទីរពេទ្យមួយកន្លែង នៅរដ្ឋអូឌីហ្សា ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា នៅថ្ងៃនេះ។
BBC ដែលបានដកស្រង់សម្ដីមន្ត្រីប៉ូលិសឥណ្ឌា បានបន្តថា អ្នកជំងឺរាប់សិបនាក់ ត្រូវបានគេនាំចេញទៅកាន់មន្ទីរពេទ្យផ្សេងទៀតនៅទីក្រុងប៊ូបាណេសវ៉ា។
ប៉ូលិសឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្ស ១៩នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់នោះ ហើយ ១០៦នាក់ទៀត បានរងរបួស។
កាលពីឆ្នាំ២០១១កន្លងមក មនុស្ស ៨៩នាក់ បានស្លាប់នៅអគ្គិភ័យមួយដែលបានឆាបឆេះមន្ទីរពេទ្យមួយនៅភាគខាងកើតនៃទីក្រុងកាលកុតា៕