ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃនេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើកូរ៉េខាងជើង បន្ទាប់ពីរដ្ឋឯកោមួយនេះ បាញ់គ្រាប់មីស៊ីលមិនបានជោគជ័យជាថ្មីទៀត ដោយព្រមានថា នឹងចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងក្រុងព្យុងយ៉ាង។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាម AFP កូរ៉េខាងជើង បានបាញ់សាកល្បងជាថ្មីម្ដងទៀតនូវគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម Musudan កាលពីថ្ងៃចុងសប្ដាហ៍កន្លងមកនេះ ដែលជាប្រឆាំងនឹងទៅនឹងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ គ្រាប់រ៉ុកកែតនោះ បានផ្ទុះឆេះភ្លាមៗបន្ទាប់ពីបាញ់ចេញ។
នៅក្នុងសេច្ដីប្រកាសព័ត៌មានមួយគាំទ្រដោយប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់ក្រុងព្យុងយ៉ាងនោះ ក្រុមប្រឹក្សានេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីៗទៀតរបស់កូរ៉េខាងជើង ដោយចាត់ទុកជា “ការរំលោភធ្ងន់ធ្ងរ”ចំពោះកាតព្វកិច្ចអន្តរជាតិ។
AFP ដែលបានឃើញសេចក្ដីប្រកាសនោះ បន្តថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឯកភាពតាមដានស្ថានការណ៍នេះយ៉ាងជិតដិត និងចាត់វិធានការសំខាន់ៗបន្ថែមទៀត។
បើតាម AFP អាមេរិក និងចិន កំពុងតែព្រាងទណ្ឌកម្មថ្មីមួយ ដែលក្រុមប្រឹក្សាសន្តិសុខបានឯកភាពរួចហើយកាលពីខែមុន បន្ទាប់ពីក្រុងព្យុងយ៉ាង បានសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៥របស់ខ្លួន៕