ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានផ្សាយថា សេដ្ឋកិច្ចចិនទទួលបានកំណើន៦.៧ភាគរយនៅត្រីមាសទី៣ក្នុងឆ្នាំនេះ បើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០១៥កន្លងមក។ បើធៀបទៅនឹងត្រីមាសទី ២ ក្នុងឆ្នាំនេះ សន្ទុះសេដ្ឋកិច្ចចិន មិនមានអ្វីប្រែប្រួលនោះឡើយ ហើយវាស្របទៅនឹងការព្យាករទុក ខណៈដែលការបង្កើនការចំណាយរបស់រដ្ឋាភិបាល និងការរីកលូតលាស់ផ្នែកអចលនទ្រព្យ បានជួយប៉ះប៉ូវភាពទន់ខ្សោយនៃការនាំចេញ។
ក្រុមអ្នកវិភាគដែលស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់ចិន នឹងកើនឡើងក្នុងកម្រិត ៦.៧ភាគរយ នៅចន្លោះខែកក្កដា ដល់ខែកញ្ញាកន្លងមក ដោយមិនប្រែប្រួលខុសពីត្រីមាសទី ២ និងត្រីមាសទី ១ នោះឡើយ។
ការិយាល័យស្ថិតិជាតិ បាននិយាយនៅថ្ងៃនេះថា GDP ចិន កើនឡើង ១.៨ភាគរយ ធៀបទៅតាមត្រីមាស ដោយវាស្របទៅនឹងការព្យាករទៅលើទីផ្សារ។
រដ្ឋាភិបាលចិន បានកំណត់យកកំណើនសេដ្ឋកិច្ចចន្លោះពី ៦.៥ ទៅ ៧ភាគរយ នៅឆ្នាំ២០១៦នេះ។ សេដ្ឋកិច្ចចិន បានកើនឡើង ៦.៩ភាគរយនៅឆ្នាំ២០១៥កន្លងមក ដែលនោះគឺជាកំណើនដ៏យឺតយ៉ាវបំផុតនៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ៕