គណបក្សសង្គ្រោះជាតិស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អន្តរាគមន៍សម្រួលឲ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ អាចចុះឈ្មោះបោះឆ្នោតបាននៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
លិខិតគណបក្សសង្រ្គោះជាតិចុះថ្ងៃទី១៨ខែតុលាផ្ញើទៅប្រធាន គ.ជ.ប បានលើកឡើងថា ស្ទើររាល់ថ្ងៃហើយពិសេសចុងសប្តាហ៍ ពលរដ្ឋខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃបាននាំគ្នាមកចុះឈ្មោះបោះឆ្នោតតាមការអំពាវនាវរបស់ គ.ជ.ប រដ្ឋាភិបាលនិងគណបក្សនយោបាយនានា។
គណបក្សសង្គ្រោះជាតិលើកឡើងថា ដោយសារពលករមិនសូវមានលុយនិងពេលវេលាខ្លី ទើបពួកគេសុំចុះឈ្មោះនៅត្រឹមខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ ប៉ុន្តែអាជ្ញាធរនៅតាមឃុំសង្កាត់មិនព្រម។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប បានទទួលសំណើនោះហើយ តែតាមច្បាប់មិនអនុញ្ញាតទេ។ ទោះយ៉ាងណាលោកបញ្ជាក់ថា ពេលនេះមន្ត្រីពាក់ព័ន្ធកំពុងពិភាក្សាស្វែងរកដំណោះស្រាយ៖ «បើពិនិត្យលើច្បាប់និងនីតិវិធីដែលបានចែងនៅពេលកន្លងមកគឺមិនអនុញ្ញាតទេ។ ប៉ុន្តែទោះយ៉ាងណា គ ជ ប ទទួលយកគ្រប់អនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ ហើយ គ.ជ.ប កំពុងពិភាក្សា លទ្ធផលយ៉ាងណានឹងឆ្លើយតបនៅពេលក្រោយ»។
នាយកប្រតិបត្តិអង្គការនិចហ្វ្រិក លោក សំ គន្ធាមី មានប្រសាសន៍ថា តាមច្បាប់ពលករទាំងនោះមិនអាចចុះឈ្មោះបានទេ ដោយសារមិនមានការបញ្ជាក់លំនៅឋានចុងក្រោយ។ ប៉ុន្តែលោកថា គ.ជ.ប គួរជួយសម្រួលធ្វើករណីនេះ ជាករណីលើកលែង ដើម្បីឲ្យពលករទាំងនេះបានចុះឈ្មោះបោះឆ្នោតនិងបានបោះឆ្នោត ខណៈពួកគេមានអត្តសញ្ញាណប័ណ្ណហើយ៖ «គ.ជ.ប គួរតែមានការលើកលែងសម្រាប់ក្រុមហ្នឹង គឺក្រុមពលករយើងសំដៅលើក្រុមពលករ ព្រោះយើងចង់ឲ្យពលករចុះឈ្មោះបានគ្រប់គ្នា ហើយទោះមិនបានគ្រប់គ្នាក៏ដោយឲ្យអ្នកមកហ្នឹងបានចុះ។ ធ្វើនីតិវិធីបន្ថែមទៅផ្តល់លទ្ធភាពឲ្យអាជ្ញាធរជួយធ្វើលិខិតបញ្ជាក់លំនៅ ដើម្បីឲ្យគាត់យកទៅចុះឈ្មោះបោះឆ្នោតបាន»។
ការស្នើឡើងរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ បន្ទាប់ពីពលករខ្មែរធ្វើការនៅថៃប្រមាណ៦០០នាក់ បានសុំចុះឈ្មោះនៅក្នុងខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៩និងថ្ងៃទី១៦ខែតុលា ប៉ុន្តែអាជ្ញាធរឃុំមិនព្រមចុះឲ្យដោយសារពលរដ្ឋទាំងនោះមិនមានឯកសារបញ្ជាក់លំនៅឋាននៅក្នុងដែនដីនោះ។
គ.ជ.ប ចាប់ផ្តើមចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីដែលត្រូវឲ្យពលរដ្ឋចុះឈ្មោះថ្មីទាំងអស់គ្នាចាប់ពីថ្ងៃទី១ខែកញ្ញា ដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦៕