ខុសពីជំហររបស់ឪពុកភាគច្រើនដែលឃើញកូនប្រុសទទួលការគាំទ្រខ្ពស់ក្នុងអាជីពសម្ដែងនិងរកចំណូល តារាកំប្លែងល្បីឈ្មោះលោក ពែកមី បែរជាបានប្រកាសថានឹងកំណត់ឲ្យកូនប្រុសដកខ្លួនពីការងារសិល្បៈ ក្រោយពេលមានឈ្មោះបោះសំឡេង។ លោកថានឹងប្រើពេលតែ២ឆ្នាំប៉ុណ្ណោះ រុញឲ្យកូនរបស់ខ្លួនល្បីឈ្មោះ ប៉ុន្តែបន្ទាប់ពី២ឆ្នាំនោះ គឺឲ្យឈប់ដាច់តែម្ដង។
លោក ពែកមី និយាយថាតាមរយៈការសម្ដែងក្នុងរឿង «ក្រមុំកូន១» ហើយទទួលទទួលបានជោគជ័យបានធ្វើឲ្យលោកមានមោទនភាពនឹងកូនប្រុសរបស់ខ្លួនយ៉ាងខ្លាំង ដោយសារតែគេទើបតែមានវ័យ៤ឆ្នាំ តែលេងកុនបានល្អមិនចាញ់ក្មេងៗដែលឆ្លងកាត់ការបង្វឹក។ ជាមួយនឹងមោទនភាពនេះហើយ ដែលលោកសម្រេចចិត្តបោះទុនផលិតរឿង «អាតួកូនឳ» ដោយជ្រើសយកកូនប្រុសរបស់លោកឲ្យធ្វើតួឯកតែម្ដង ដើម្បីឲ្យទេពកោសល្យរបស់កូនលោកកាន់តែមានការទទួលស្គាល់ពីសំណាក់មហាជន។
លោកថា ខ្សែរឿងថ្មីនេះនឹងតម្រូវឲ្យកូនប្រុសរបស់លោកសម្ដែងជាតួកំប្លុកកំប្លែងនិងជាតួកូនណេន ហើយលោកជឿ១០០ភាគរយថា កូនប្រុសរបស់នឹងអាចសម្ដែងបានតាមប្លង់ដែលខ្លួនចង់បានទើបលោកសម្រេចចិត្តបោះទុនផលិតរឿងនេះជាមួយផលិតកម្ម Red Picture។
លោកគ្រោងចំណាយថវិកាច្រើនម៉ឺនដុល្លារដើម្បីផលិតរឿងមួយនេះ ដោយលើកកូនប្រុសរបស់លោកឲ្យមានកេរ្តិ៍ឈ្មោះនៅក្នុងភាពយន្ត។ លោកថារឿង «អាតួកូនឳ» នឹងជួយឲ្យអាតួកូនប្រុសរបស់លោកត្រូវបានទទួលស្គាល់ ដើម្បីមានឱកាសទទួលបានការងារសិល្បៈជាបន្តបន្ទាប់។
យ៉ាងណាមិញ លោកថានឹងឲ្យកូនប្រុសសម្ដែងតែ២រឿងទៀតប៉ុណ្ណោះ គឺបន្ទាប់ពីចប់រឿង «អាតួកូនឳ» នឹងឲ្យសម្ដែងតែរឿងភាគចំនួន២របស់ទូរទស្សន៍ប៉ុណ្ណោះ នឹងឈប់ឲ្យលេង។
លោកនិយាយថា៖ «ដោយសារតែគាត់ (កូន) ចង់ ចឹងខ្ញុំធ្វើរឿងលើកគាត់ឲ្យល្បី តែឲ្យគាត់លេងតែ២ឆ្នាំទៀតប៉ុណ្ណោះ ឈប់ឲ្យលេងហើយ ព្រោះអត់ចង់ឲ្យកូនបែកខ្លាំង»។
លោកថាវ័យរបស់កូនប្រុសកំពុងឈានចូលសាលារៀន ដូច្នេះបើឲ្យតែវក់នឹងការសម្ដែងនោះការសិក្សាសម្រាប់គ្រឹះទៅសិក្សាថ្នាក់ខ្ពស់នឹងមានបញ្ហា។ ជាក់ស្ដែងលោកបានលើកឧទាហរណ៍ថា គ្រាន់តែឲ្យថតកុនមួយរឿង «ក្រមុំកូន១» ជាមួយអ្នកនាង សារ៉ាយ សក្ខណា កាលមុនគឺអាតួកូនប្រុសរបស់លោកបានសុំច្បាប់រៀនអស់ជាច្រើនសប្ដាហ៍ ខណៈដែលការសម្ដែងរឿង «អាតួកូនឳ»ដែលនឹងចេញថតក្រោយពិធីក្រុងពាលីនេះ ក៏នឹងត្រូវខានរៀនមិនតិចជាងកន្លះខែជាប់គ្នា ដែលសុទ្ធតែជាជំហរបណ្ដាលឲ្យកូនលែងចង់ទៅសាលា។
លោកនិយាយថា៖ «ការពិតខ្ញុំចង់ឲ្យកូនសម្ដែងតែម៉ារឿង «អាតូកូនមឪ» ហ្នឹងទៀតទេ ដោយសារតែរឿងហ្នឹង ខ្ញុំនិពន្ធត្រូវចរិតនិងទេពកោសល្យរបស់គាត់។ ប៉ុន្តែខាងផលិតម្ម គាត់ស្នើសុំឲ្យលេងរឿងភាគ២ទៀត ទើបសម្រេចចិត្តឲ្យកូនលេង២រឿងទៀត តែចប់រឿងហ្នឹងឈប់ឲ្យលេងហើយ ព្រោះមើលទៅសុំច្បាប់គ្រូញឹក កូនចង់ខ្លាចសាលា!»។
លោក ពែកមី បានអះអាងថាខ្សែរឿងចំនួន៣ដែលកូនប្រុសរបស់លោកនឹងធ្វើការសម្ដែងប្រហែលជាអាចចំណាយពេល២ឆ្នាំនឹងចប់សព្វគ្រប់ ហើយទម្រាំដល់ពេលនោះអាតួកូនប្រុសរបស់លោកក៏មានវ័យ៦ឆ្នាំពេញដែលត្រូវសិក្សាសាលារដ្ឋបាននោះដែរ ទើបលោកសម្រេចដាក់កំហិតឈប់ឲ្យកូនសម្ដែង បើទោះជាក្នុងពេលនោះកូនប្រុសរបស់លោកកាន់តែមានឈ្មោះល្បីនិងមានគេទាក់ទងឲ្យសម្ដែងបន្តក៏ដោយ។
លោកនិយាយថា៖ «សម្រាប់ខ្ញុំគិតថា៣រឿងដែលកូនខ្ញុំនឹងត្រៀមថតហ្នឹង នឹងធ្វើឲ្យគាត់ល្បីហើយ ប៉ុន្តែខ្ញុំនិងប្រពន្ធតាំងចិត្តហើយថា ទោះចប់៣រឿងហ្នឹង អាតួគេហៅលេងហើយបានលុយម៉ានក៏ដោយ ក៏អត់ឲ្យរវល់ដែរ ឲ្យរៀនសិន!»។
លោកថាបើទោះជាខ្លួនមានកំណើតដោយសារសិល្បៈ តែលោកអត់មានគម្រោងតម្រង់ទិសឲ្យកូនប្រុសឡុកឡាក់នឹងការសម្ដែងប៉ះពាល់ការសិក្សានោះទេ អ៊ីចឹងហើយទើបលោកសម្រេចចិត្តឲ្យកូនថតកុនត្រឹមអាយុក្រោម៦ឆ្នាំ បន្ទាប់ពីនោះគឺឲ្យឈប់ដាច់តែម្ដង។
លោក ឌៀប សុវណ្ណតារា ចាងហ្វាងផលិតកម្ម Red Picture បានអះអាងថា ការលើកតម្កើងឲ្យកូនប្រុសរបស់ ពែកមី សម្ដែងតួឯកក្នុងរឿងថ្មីរបស់លោក ក៏អាស្រ័យលើទេពកោសល្យរបស់ក្មេងតូចនេះធ្វើឲ្យលោកពេញចិត្តនោះដែរ។
លោកថា កុមារា រឹម សុរ៉ាហ៊ាទ្រី ហៅអាតួ ដែលជាកូនប្រុសរបស់ ពែកមី ទើបតែមានអាយុ៤ឆ្នាំ មានទេពកោសល្យទើបគាំទ្រអោយធ្វើតួឯក៕