តម្រួតថៃកំពុងតែស៊ើបអង្កេតទៅលើបណ្ដឹងបរិហាកេរ្តិ៍រាជវង្សចំនួន១២ករណីថ្មី ដែលត្រូវបានរកឃើញនៅលើបណ្ដាសង្គម បន្ទាប់ពីការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ កាលពីសប្ដាហ៍មុន។ នេះដោយយោងតាមការផ្សាយរបស់ Reuters ដែលមើលឃើញថា បណ្ដឹងប្រឆាំងនឹងបុគ្គលជេរប្រមាថរាជវង្សថៃ បានកើនឡើងយ៉ាងលឿន។
ប្រជាពលរដ្ឋថៃ កំពុងកាន់ទុក្ខចំពោះការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល ក្នុងព្រះជន្មាយុ ៨៩ឆ្នាំ កាលពីសប្ដាហ៍មុន ហើយបញ្ហារសើបទាក់ទងនឹងរាជវង្សថៃ ត្រូវបានរឹតបន្តឹង។
ក្សត្រ ភូមិបុល ត្រូវបានគេមើលឃើញថាជាបុគ្គលរក្សាស្ថេរភាពប្រទេសថៃ ដែលតែងតែធ្លាក់ចូលក្នុងចលាចលនយោបាយ។
ការជេរប្រមាថរាជវង្ស រាជានុសិទ្ធិ ឬរាជទាយាទ គឺជាបទល្មើសនៅក្នុងប្រទេសថៃ ដែលអាចប្រឈមមុខនឹងជាប់ពន្ធនាគារដល់ទៅ១៥ឆ្នាំ។
អ្នកនាំពាក្យតម្រួតថៃ លោក កេតសាណា ផាត់ថាណាចារើន បានប្រាប់ថា មានបទល្មើសជេរប្រមាថរាជវង្សចំនួន ១២ករណី កើតឡើងចាប់តាំងពីសប្ដាហ៍មុន ហើយដីកាចាប់ខ្លួន ត្រូវបានគេចេញសម្រាប់ស្វែងរកចាប់ខ្លួនជនសង្ស័យ ៨នាក់ ខណៈជនសង្ស័យ ៤នាក់ទៀត ត្រូវបានចាប់ដាក់ពន្ធនាគាររួចហើយ៕