គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជិត ៦លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ៤៩ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកាខាងមុខនេះ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ៥លាន ៩៩ម៉ឺននាក់ ឬស្មើនឹងជាង ៦២ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់ នៅទូទាំងប្រទេស។
បើធៀបទៅថ្ងៃទី១៨ខែតុលា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ បានកើនឡើង ៧ម៉ឺន ៤០៩នាក់ កាលពីថ្ងៃម្សិលមិញនេះ៕