ក្រុមហ៊ុនបច្ចេកវិទ្យាផលិតទូរសព្ទធំបំផុតរបស់ពិភពលោក Samsung បានធ្លាក់ចុះចំណូល៣០% ដោយសារតែបរាជ័យក្នុងការផលិតទូរសព្ទ Note 7 ហើយអំពាវនាវឲ្យអ្នកប្រើប្រាស់បញ្ជូនទូរសព្ទទាំងនោះទៅក្រុមហ៊ុនដោយសារតែបញ្ហាផ្ទុះថ្មពេលសាក។
សារព័ត៌មាន BBC ចុះផ្សាយថា ការធ្លាក់ចុះប្រាក់ចំណូលនេះ បន្ទាប់ពីក្រុមហ៊ុនសើរើគម្រោងនៃការផលិតទូរសព្ទ Note 7 ក្រោយពីពេលទទួលប្រតិកម្មពីអតិថិជនជាអ្នកប្រើប្រាស់។
ក្រុមហ៊ុន Samsung បញ្ជាក់ថា ពេលនេះពួកគេកំពុងតែផ្តោតសំខាន់លើការលក់ផលិតថ្មី ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនមានទំនុកចិត្តលើក្រុមហ៊ុននេះឡើងវិញ។
ក្រុមហ៊ុន Samsung ផលិតទូរសព្ទថ្មី Galaxy Note 7 ចំនួន២លាន៥សែនគ្រឿង សម្រាប់លក់នៅលើទីផ្សារពិភពលោក ប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Apple ផលិត iPhone ប៉ុន្តែកាលពីថ្ងៃទី២ ខែកញ្ញា ក្រុមហ៊ុន Samsung ប្រកាសថាពួកគេឈប់លក់ទូរសព្ទប្រភេទនេះ ហើយអំពាវនាវឲ្យអតិថិជនឈប់ប្រើប្រាស់និងបញ្ជូនត្រលប់ទៅក្រុមហ៊ុនវិញ ក្រោយពេលមានបញ្ហាសាកថ្ម៕