តុលាការ​ឃុំ​ខ្លួនយុវជនដែលជាប់ចោទថាដាក់​បណ្តាសារ​លោក ហ៊ុន សែន

យុវជន វ៉ែន សុភាព ហៅ សាម ភាព ជាប់ចោទថាដាក់​បណ្តាសារ​លោក ហ៊ុន សែន (រូបភាពពី FreshNews)

តុលាការបានសម្រេចចោទនិងឃុំខ្លួនយុវជនម្នាក់ដែលត្រូវបានអាជ្ញាធរចោទថា បានបង្ហោះសារដាក់បណ្តាសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតាមបណ្តាញសង្គមហ្វេសប៊ុក។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យម្សិលមិញ បានសម្រេចចោទប្រកាន់យុវជនខ្មែរដែលទៅធ្វើការនៅប្រទេសថៃ លោក វ៉ែន សុភាព ហៅ សាម ភាព ពីបទគំរាមកំហែងថានឹងសម្លាប់និងបទញុះញង់។ ការចោទប្រកាន់នេះ គឺបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែតុលា ក្រោមការចោទថាបានបង្ហោះសារដាក់បណ្តាសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានក្នុងបណ្តាញសង្គមតេលេក្រាមថា ចៅក្រមស៊ើបសួរ លោក កោ វណ្ឌី បានសម្រេចចោទ លោក វ៉ែន សុភាព ពីបទគំរាមកំហែងថានឹងសម្លាប់និងបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣ មាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជននេះទៅឃុំខ្លួននៅពន្ធនាគារ។

តាមក្រមព្រហ្មទណ្ឌកម្ពុជា បទចោទនេះអាចប្រឈមនឹងទោសដាក់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ និងអាចត្រូវពិន័យជាប្រាក់ពី១លានដល់៦លានរៀល។

កាលពីខែកញ្ញាកន្លងទៅ មានអ្នកបង្ហោះសារគំរាមសម្លាប់ឥស្សរជនខ្មែរមួយចំនួន ដែលក្នុងនោះរួមមាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក សុខ ទូច, លោក អ៊ូ វីរៈ, លោក ឡៅ ម៉ុងហៃ, លោក ជុន ច័ន្ទបុត្រ, លោក កឹម សុខា, និងកញ្ញា ខុម ចាន់តារ៉ាទី ជាដើម តែសមត្ថកិច្ចមិនមានចំណាត់ការលើករណីទាំងនោះទេ ដោយថាពុំមានបណ្តឹងពីអ្នកដែលត្រូវរងការគំរាមទាំងនោះ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ករណីនេះគឺកើតមានដូចជាការលើកឡើងរបស់អ្នករាយការណ៍សិទ្ធិមនុស្សពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ដែលបានថាការអនុវត្តច្បាប់នៅកម្ពុជាមានភាពលំអៀង គឺអនុវត្តន៍ដោយមិនស្នើគ្នា ពោលគឺមានភាពលំអៀងទៅកាន់អ្នកកាន់អំណាច។ លោកថាករណីរបស់លោកដែលត្រូវបានគេគំរាមសម្លាប់តាមបណ្តាញសង្គមផងដែរនោះ រហូតមកដល់ពេលនេះ បើទោះបីជាលោកបានដាក់លិខិតទៅកាន់ក្រសួងយុត្តិធម៌ដើម្បីសុំជួយអនុ្តរាគមន៍កាលពីខែមុនក៏ដោយ រហូតមកដល់ពេលនេះគឺមិនទាន់មានចម្លើយយ៉ាងណានៅឡើយទេ។

លោកមានប្រសាសន៍ថា៖ «មិនត្រឹមប៉ុណ្ណេះទេ គឺខ្ញុំផ្ទាល់ខ្លួនបានសរសេរលិខិតទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពីការគំរាមកំហែងតាមហ្វេសបុកហ្នឹង ថាសុំឲ្យប្រើប្រាស់អំណាងអធិបញ្ជារបស់រដ្ឋមន្ត្រីនវសុំឲ្យមានការស៊ើបអង្កេតដើម្បីសុំឲ្យចាប់អ្នកដែលគម្រាមទៅផ្តន្ទាទោសតាមច្បាប់នោះ ពីខែមុនខ្ញុំបានដាក់ពាក្យទៅតែ ស្ងាត់ទៅ។…ក្នុងប្រទេសដែលថាខ្លួនមាននីតិរដ្ឋ គឺវាគ្មាននីតិរដ្ឋទេ ព្រោះការអនុវត្តច្បាប់មិនស្មើគ្នាអញ្ចឹង»។

គួរបញ្ជាក់ផងដែរថា កន្លងទៅអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនត្រូវបានចាប់ខ្លួន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានសរសេរបង្ហោះគំរាមសម្លាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងលោកបណ្ឌិត សុខ ទូច។ ជាមួយគ្នានោះដែរ យុវជនម្នាក់នៅខេត្តកំពង់ធំ លោក ម៉ាន់ សំអ៊ន់ ត្រូវបានឃាត់ខ្លួន ហើយតុលាការក្រុងភ្នំពេញចោទប្រកាន់កាលពីដើមឆ្នាំនេះពីបទគំរាមសម្លាប់ លោក ហ៊ុន សែន នៅក្នុងសារតាមហ្វេសប៊ុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ