បក្ស​ប្រឆាំងនឹង​កោះ​ហៅ​រដ្ឋ​មន្ត្រី​៣រូប​ នៅពេល​ដែល​ខ្លួន​ចូល​ប្រជុំ​សភា​ខាង​មុខ

គណបក្សសង្គ្រោះជាតិអះអាងថា នឹងកោះហៅរដ្ឋមន្ត្រី៣រូបមកសាកសួរ ខណៈដែលតំណាងរាស្ត្របក្សប្រឆាំងនេះប្រកាសវិលទៅចូលប្រជុំសភាពេញអង្គវិញនៅពេលខាងមុខ។

នេះជាការសម្រេចថ្មីមួយ បន្ទាប់ពីគណបក្សសង្រ្គោះជាតិប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួនកាលពីម្សិលមិញ។

ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានឲ្យដឹងថា សមាជិកសភាគណបក្សប្រឆាំងបានសម្រេចចូលទៅប្រជុំសភាពេញអង្គវិញនៅពេលខាងមុខ ដោយគ្រោងកោះហៅរដ្ឋមន្ត្រី៣រូប ដើម្បីឆ្លើយបំភ្លឺនៅក្នុងគណៈកម្មាការជំនាញផងដែរ។

លោកថា៖ «ទីមួយ ពង្រៀងច្បាប់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៧ អាហ្នឹងយើងចូលទៅប្រជុំនៅក្នុងសភាពេញអង្គដើម្បីតស៊ូមតិ។ ទីពីរ គណៈកម្មការទីមួយដែលជាគណៈកម្មការសិទ្ធិមនុស្ស នឹងអញ្ចើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកសួរនាំអំពីដំណើរការនៃការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី»។

លោកបន្ថែមថា៖ «រឿងអំពើពុករលួយ យើងនឹងអញ្ចើញរដ្ឋមន្ត្រីក្រសួងរ៉ែ ឲ្យគាត់មកឆ្លើយថា តើវាមានភាពខុសគ្នារវាងតួរលេខដែលកត់ត្រាដោយគយសាំហ្គាពួរ និងតួលេខដែលកត់ត្រាដោយប្រទេសកម្ពុជា ខុសគ្នាយ៉ាងមិច គឺមានការខុសគ្នាច្រើនណាស់និងបាត់បង់ចំណូលរាប់រយលានដុល្លារ។ ចំណែកឯកសិផល ត្រូវដោះស្រាយពីបញ្ហាដែលកសិផលចុះថោកនោះ គឺទាក់ទងនឹងក្រសួងកសិកម្ម»។

បើតាមគណបក្សសង្រ្គោះជាតិ ការកោះហៅរដ្ឋមន្ត្រីទាំង៣រូបនោះរូមមាន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ឲ្យបំភ្លឺពាក់ព័ន្ធនឹងការរកយុត្តិធម៌ដល់ លោក កែម ឡី។ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម ឲ្យបំភ្លឺរឿងនាំចេញខ្សាច់ទៅក្រៅប្រទេស និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ឲ្យបំភ្លឺបញ្ហាកសិផលរបស់កសិករធ្លាក់ថ្លៃ ដែលលោកថានឹងកោះហៅនៅក្នុងខែវិច្ឆិកានេះ។

អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ឌិត ទីណា ថាប្រសិនជាមានលិខិតកោះហៅរបស់សភាមែននោះលោកថា លោករដ្ឋមន្ត្រីក្រសួងនឹងចូលទៅបកស្រាយតាមការកោះនោះ។

ទាក់ទងទៅនឹងការវិលត្រលប់ចូលទៅកាន់រដ្ឋសភានិងកោះហៅរដ្ឋមន្ត្រីមកបកស្រាយនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី យល់ថាគឺជាសញ្ញាល្អមួយសម្រាប់បក្សប្រឆាំង បើទោះបីបក្សនេះគ្មានសំឡេងគ្រប់គ្រាន់សម្រាប់ដកមន្ត្រីរដ្ឋាភិបាលណាមួយនោះក៏ដោយ។

លោកថា៖ «ធម្មតាការវាយស្គរ បើសិនជាវាមិនបានផ្អើលដល់គេឡើងរាំ ក៏អាចធ្វើឲ្យគេថ្លង់ត្រចៀកដែរ ហើយជាពិសេសធ្វើឲ្យសាធារណជនមើលឃើញថា គណបក្សប្រឆាំងបានបំពេញតួនាទីខ្លួនឯងដែរ។ ប៉ុន្តែបើគណបក្សកំពុងគ្រប់គ្រងអំណាចមិនទទួលស្គាល់ហើយបដិសេធ អាហ្នឹងវាជារឿងរបស់គណបក្សកាន់អំណាច ហើយប្រជាប្រិយភាពវាអាស្រ័យលើពលរដ្ឋគេមើលឃើញ»។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានសម្រេចចិត្តមិនចូលរួមប្រជុំសភាតាំងពីចុងខែឧសភា ឆ្នាំ២០១៦មក នៅពេលដែលសមត្ថកិច្ចតាមចាប់ខ្លួនលោក កឹម សុខា ដោយបក្សនេះសំអាងហេតុថា រដ្ឋាភិបាលកំពុងរំលោភលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។

បន្ទាប់ពីមានការសម្រេចមិនចូលប្រជុំនេះ កាលពីថ្ងៃទី២៦ តុលាកន្លងទៅ គណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភាដែលភាគច្រើនជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានអនុម័តលើសេចក្ដីសម្រេចថ្មីមួយ ដើម្បីបន្ថែមទណ្ឌកម្មវិន័យលើអ្នកតំណាងរាស្ដ្រដែលអវត្តមានក្នុងពេលប្រជុំ ប្រជុំពេញអង្គ និងប្រជុំអចិន្ដ្រៃយ៍នៃរដ្ឋសភា តែសេចក្តីសម្រេចនេះ បក្សប្រឆាំងយល់ថាបង្កើតឡើងក្រោមហេតុផលនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ