​អ្នក​នយោបាយថ្លែង​សារ​ផ្សេង​ៗគ្នា​​ក្នុងឱកាស​ពិធី​បុណ្យ​ឯក​រាជ្យ

រូបភាពពីហ្វេសប៊ុករបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

អ្នកនយោបាយនៅកម្ពុជាថ្លែងសារផ្សេងៗគ្នាក្នុងឱកាសនៃទិវាបុណ្យឯករាជ្យ៩វិច្ឆិកា ខណៈដែលព្រះមហាក្សត្រយាងប្រទានភ្លើងជ័យនៅព្រឹកនេះ។

នៅម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃពុធនេះ ក្រោយពីប្រារព្ធភ្លេងជាតិ ព្រះមហាក្សត្រទ្រង់បានប្រទានភ្លើងជ័យនៅវិមានឯករាជ្យ ហើយព្រះអង្គទ្រង់យាងជុំវិញវិមានឯករាជ្យ និងបានលើកព្រះហស្តស្វាគមន៍អ្នកចូលរួម។ នៅព្រឹកនេះផងដែរ ក៏ឃើញមានវត្តមាន ប្រធានរដ្ឋសភាលោក ហេង សំរិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  រួមទាំងមន្ត្រីអ្នករាជការ និងសិស្សានុសិស្សជាច្រើនពាន់នាក់មកចូលរួមអបអរសារទរផងដែរ។ ទោះជាយ៉ាងណា ក្នុងពិធីនេះមិនមានការថ្លែងសារអ្វីនោះទេ តែនៅក្នុងបណ្តាញទំនាក់ទំនងសង្គមឯណោះវិញអ្នកនយោបាយបានសរសេរសារផ្សេងគ្នារំលឹកពីទិវានេះ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកថា ការបានឯករាជ្យរបស់ប្រទេសកម្ពុជានេះគឺកើតចេញពីការតស៊ូរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ដោយព្រះអង្គបានលះបង់ចំពោះប្រទេសជាតិរបស់ព្រះអង្គដើម្បីបានឯករាជ្យនេះ។

ចំណែកប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកថា ឯករាជ្យជាតិអាចមានពិតប្រាកដទៅបានដោយសារមានឯកភាពជាតិ។ លោកបន្ថែមថាតាមប្រវត្តិសាស្ត្រដែលកើតមានកន្លងមកបានបង្ហាញថាដោយសារមានអ្នកដឹកនាំខ្លះដើម្បីតែអំណាចរបស់ខ្លួន និងបក្សពួកបានសុខចិត្តជ្រកក្រោមអាណានិគមបរទេស ទោះបីជាមានគ្រោះថ្នាក់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្លួនក៏ដោយ។

លោកសរសេរថា «ពេលខ្លះគេគ្រាន់តែរើបម្រះចេញពីនឹមត្រួតត្រានៃប្រទេសណាមួយ ហើយទៅជ្រកកោនក្រោមអំណាចនយោបាយ អំណាចសេដ្ឋកិច្ច នៃប្រទេសមួយទៀត ឲ្យតែគេអាចរក្សាអំណាចរបស់ពួកគេបាន ដោយភ្លេចអំពីតម្លៃនៃឯករាជ្យជាតិពិតប្រាកដ»

គួររំលឹកផងដែរថា ទិវាឯករាជ្យ៩ វិច្ឆិកាឆ្នាំនេះជាខួបលើកទី៦៣ ដែលប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង នៅឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ