សភាជាន់ទាបរបស់ជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀង សេដ្ឋកិច្ចអន្តរប៉ាស៊ីភិចនៃភាពជាដៃគូ (TPP) ជាគោលការណ៍ក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ចដោយសេរីជាមួយដៃគូ ខណៈ ប្រធានាធិបតីថ្មីអាមេរិកដែលទើបជាប់ឆ្នោតលោក ត្រាំ ជំទាស់។
ប្រធានាធិបតីជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានគាំទ្រចំពោះការផ្តួចផ្តើមធ្វើកិច្ចព្រមព្រៀងធ្វើទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចំនួន១២ ហៅថា កិច្ចព្រមព្រៀងTPP ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន។
ប៉ុន្តែលោក ត្រាំ ទើបជាប់ឆ្នោតបានប្រកាសប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះថា ជាការបោះស្រមោលទៅមុខធំជាងខ្លួន។
ក្រៅពីជប៉ុន និងអាមេរិក TPP មានរួមបញ្ជូល១០ប្រទេសផ្សេងៗទៀតរួមមាន អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ម៉ាឡេស៊ី ម៉ិចស៊ីចកូ ញូហ្សេឡែន ប៉េរ៉ូ សិង្ហបុរី និងវៀតណាម។ បើសិនជាកិច្ចព្រមព្រៀងនេះ ដំណើរការល្អ វាយនឹងក្តោបយកសេដ្ឋកិច្ចពិភពលោកប្រមាណ៤០%។
នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ លើកឡើងថា TPP ជាសរសរស្តម្ភនៃសេដ្ឋកិច្ចពិភពលោក ដែលធានាក្នុងការនាំចេញ។
ប៉ុន្តែអ្នកសេដ្ឋកិច្ច និង នយោបាយលើកឡើងថា ពេលដែលលោក ត្រាំជាប់ឆ្នោតនេះ គឺកិច្ចព្រមព្រៀងនោះ មិនអាចដំណើរបានទេ៕