គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថាក្នុងរយៈពេលជាង២ខែមកនេះ ខ្លួនបានរកឃើញឈ្មោះស្ទួនជិត២ម៉ឺននាក់ ហើយជាង៣ពាន់ឈ្មោះ ក្នុងចំណោមនោះនឹងត្រូវលុបចោលនៅពេលបិទបញ្ជីឈ្មោះដំបូង។
ក្នុងពិធីប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃសុក្រ ទី១១ វិច្ឆិកានេះ គ.ជ.ប បានឲ្យដឹងថា មានឈ្មោះចុះដូចគ្នាចំនួន១៩ ៣១២(មួយម៉ឺនប្រាំបួនពាន់បីរយដប់ពីរ)នាក់ ក្នុងនោះមានឈ្មោះដែលមានទន្និន័យដូចគ្នាទាំងស្រុងមាន៣ ២៩៦ (បីពាន់ពីររយកៅសិបប្រាំមួយ)នាក់។
អគ្គលេខាធិការរង គ.ជ.ប លោក ម៉ៅ សុភារិទ្ធិ បានឲ្យដឹងថា ចំពោះឈ្មោះដែលត្រូវលុបចោលជាង៣ពាន់នាក់នោះ គឺដោយសារឈ្មោះទាំងនោះបានចុះជាច្រើនកន្លែងនិងមានលេខអត្តសញ្ញាណប័ណ្ណ រួមទាំងទិន្និន័យទាំងនោះដូចគ្នាផងដែរ។ លោកបន្ថែមទៀតថា មូលហេតុដែលអាចបណ្តាលឲ្យមានមនុស្សម្នាក់អាចចុះបានច្រើនដងនោះគឺមកពី ការចុះឈ្មោះសាកល្បង ការផ្លាស់ប្តូរទីលំនៅ ការផ្ទេរកន្លែងចុះឈ្មោះ មនុស្សពីរនាក់ប្រើប្រាស់អត្តសញ្ញាណប័ណ្ណតែមួយ និងមនុស្សម្នាក់ប្រើឯកសារបញ្ជាក់អត្តសញ្ញាណពីរ។
លោកថា៖ «ករណីស្ទួនមួយទៀតដែលជាករណីគាត់ប្រើប្រាស់អខ(អត្តសញ្ញាណប័ណ្ណសញ្ញាតិ្តខ្មែរ)ផង ហើយគាត់ទៅកន្លែងផ្សេង គាត់ប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណផង បានន័យថាមនុស្សគាត់ម្នាក់ គាត់ចុះឈ្មោះច្រើនកន្លែង។ ហើយករណីរបៀបហ្នឹង បើដោយសារការស្ទួននោះជាចេតនារបស់បុគ្គលដែលព្យាយាមមានឈ្មោះលើសក្នុងបញ្ជីបោះឆ្នោតមានលើសពីពីរកន្លែង។ …នោះគឺគាត់មានទោស គ.ជ.ប រកឃើញនឹងពិន័យជាប្រាក់ពីមួយម៉ឺនរៀលដល់១០ម៉ឺនរៀល»។
ចំពោះការបញ្ជូលទិន្និន័យអ្នកចុះឈ្មោះបោះឆ្នោត គ.ជ.ប រកឃើញថាមានឈ្មោះជាង២១ម៉ឺនឈ្មោះ ត្រូវបានបញ្ជូលទន្និន័យខុស ហើយក៏បានសម្រេចកែតម្រូវទៅតាមអត្តសញ្ញាណប័ណ្ណរួចហើយ។
រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន៦ ៩៩៣ ៩០៣នាក់ ដែលស្មើនឹង៧២.៣៧%នៃអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោត៕