នគរបាលឥណ្ឌូនេស៊ី ថ្លែងនៅថ្ងៃពុធនេះថា ពួកគេនឹងបើកការស៊ើបអង្កេតលើអភិបាលក្រុងចាការតាជាអ្នកកាន់សាសនាគ្រឹស្តហើយបានប្រើប្រាស់ពាក្យសម្តី ប៉ះពាល់ដល់សាសនាឥស្លាម ដែលកំពុងបង្កឲ្យក្លាយជាជម្លោះនិងមានកំហឹងខ្លាំងពីក្រុមអ្នកកាន់សាសនាឥស្លាម។
បច្ចុប្បន្នគេកំពុងតែចោទប្រកាន់ អភិបាលក្រុងចាការតា លោក Basuki Tjahaja Purnama ថា និយាយធ្វើឲ្យប៉ះពាល់ដល់សាសនាឥស្លាមដែល ធ្វើឲ្យអ្នកកាន់សាសនាឥស្លាមផ្ទុះកំហឹងខ្លាំង។ ឥណ្ឌូនេស៊ីជា ប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមធំជាងគេលើពិភពលោក។
ករណីនេះ គេមានការព្រួយបារម្ភថា នឹងមានការផ្ទុះការតវ៉ាខ្លាំងជាថ្មីទៀត ដែលដឹកនាំដោយពួកឥស្លាមនិយមតឹង ប្រឆាំងលោក Purnama និងប្រឆាំងលោក ប្រធានាធិបតី Joko Widodo ផងដែរដែលជាអ្នកដែលគេចោទថា គាំទ្រដ៏សំខាន់ដល់អភិបាលក្រុងរូបនោះ។
កាលពីដើមខែនេះ អ្នកកាន់សាសនាឥស្លាមជាង១០០ ០០០នាក់ ប្រមូលផ្តុំតវ៉ាការនៅចាការតា ដើម្បីទាមទារឲ្យមានការផ្តាស់ប្តូរលោក Purnama នៅខែកុម្ភះឆ្នាំ២០១៧។