ចិនបានអះអាងថា ពួកគេបន្ថែមទាហានប្រចាំការដោយប្រុងប្រយ័ត្ននៅព្រំដែនជាប់ជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីមានករណីវាយប្រហារលើប៉ុស្តិ៍នគរបាលនិងបន្ទាយទាហារបស់មីយ៉ាន់ម៉ា ក្នុងគោលបំណងការពារប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិនៅតំបន់នោះ។
សារព័ត៌មានរដ្ឋចិនស៊ីនហួរ ចុះផ្សាយកាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា រដ្ឋាភិបាលចិនបានបន្ថែមកម្លាំងទាហាន៣ក្រុមបន្ថែម ដើម្បីដើម្បីការពារសន្តិសុខព្រំដែនជាប់ជាមួយប្រទេសមីយ៉ាន់នៅទីក្រុង Muse និង Kutkai ជាប់ជាមួយរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា។
ស៊ីនហួរ មិនបានបញ្ជាក់ថា ប្រភពណាជាអ្នកនិយាយទេ គ្រាន់តែបញ្ជាក់ថា មានការវាយប្រហារលើជនស៊ីវិល និងយោធាចិននៅតំបន់នោះ។
ក្រសួងការពារជាតិចិន បានសរសេរសារនៅលើគេហទំព័ររបស់ខ្លួនថា ពួកគេសង្ឃឹមថា នឹងធ្វើឲ្យស្ថានភាពស្ងប់ស្ងាត់ មិនឲ្យរាលដាលការវាយប្រហារផ្សេងៗ ដើម្បីការពារបូរណភាពទឹកដីនិងការពារជីវិតពលរដ្ឋចិននៅតាមបណ្តោយព្រំដែន។
ប្រជាពលរដ្ឋរាប់ពាន់នាក់កំពុងជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ដោយសារការប៉ះទង្គិចគ្នារវាងយោធានិង ជនជាតិភាគតិច នៅក្នុងរដ្ឋ Shan របស់មីយ៉ាន់ម៉ា ជាតំបន់លាតត្រដាងធំជាប់ព្រំដែនចិននិងថៃ៕