ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាងរាប់រយនាក់ បានភៀសខ្លួនចេញពីប្រទេសភូមា ទៅកាន់ប្រទេសបង់ក្លាដែសអំឡុងចុងសប្ដាហ៍កន្លងមកនេះ ដោយបានគេចចេញពីអំពើហិង្សាកាន់តែរីកធំឡើងនៅតំបន់ភាគពាយព្យប្រទេសភូមា ដែលបានសម្លាប់មនុស្សយ៉ាងតិច ៨៦នាក់ និងមនុស្សប្រហែល ៣ម៉ឺននាក់ទៀត រត់គេចចេញ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានផ្អែកតាមការអះអាងរបស់ក្រុមបុគ្គលិកផ្ដល់ជំនួយ។
មន្ត្រីម្នាក់មកពីអង្គការអន្តោប្រវេសន៍អន្តរជាតិ IOM ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនោះ បានប្រាប់ Reuters ថា មន្ត្រីរូបនោះបានឃើញមនុស្សជាង ៥០០នាក់ បានឆ្លងដែនចូលទៅក្នុងជំរុំរបស់ខ្លួន ស្ថិតនៅលើកំពូលភ្នំ នៅជិតព្រំដែន កាលពីថ្ងៃម្សិលមិញ។
ក្រុមបុគ្គលិកផ្ដល់ជំនួយមកពីទីភ្នាក់ងារដទៃទៀតរបស់អង្គការសហប្រជាជាតិ និងក្រុមអ្នកយកព័ត៌មាន Reuters នៅជំរុំ IOM ក៏បានរាយការណ៍ផងថា បានឃើញជនជាតិរ៉ូហ៊ីងយ៉ាងភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅប្រទេសភូមា។ បុគ្គលិកអង្គការសហប្រជាជាតិ មិនបានផ្ដល់តួលេខជាក់លាក់ទេ ប៉ុន្តែ បានបង្ហាញក្ដីបារម្ភអំពីកំណើនជនភៀសទាំងនោះ។
អំពើហិង្សាបង្ហូរឈាម បានវិវត្តកាន់តែធ្ងន់ធ្ងរបំផុតចាប់តាំងពីមនុស្សរាប់រយនាក់ ត្រូវបានគេសម្លាប់នៅក្នុងការប៉ះទង្គិចនៅក្នុងសហគមន៍នានា នៅរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេសភូមា កាលពីឆ្នាំ២០១២កន្លងមក ហើយវាកំពុងតែក្លាយជាការសាកល្បងមួយសម្រាប់រដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលបានឡើងកាន់អំណាចអស់រយៈពេល ៨ខែមកហើយនោះ៕