គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ៧លាន ៤៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃម្សិលមិញនេះ។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកានេះ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ៧លាន ៤៥ម៉ឺននាក់ ឬស្មើនឹងជាង ៧៧ភាគរយ នៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់ នៅទូទាំងប្រទេស។
ទោះជាយ៉ាងណា ចំនួនពលរដ្ឋចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅក្រោម ៥ម៉ឺននាក់ប៉ុណ្ណោះ នៅក្នុងខែវិច្ឆិកានេះ៕