ក្រុមអាកាសយានិកក្រុមហ៊ុនអាកាសចរណ៍ Lufthansa នៅប្រទេសអាល្លឺងម៉ង់ នៅថ្ងៃនេះ បានចាប់ផ្ដើមកូដកម្មរយៈពេល ២ថ្ងៃ ដោយបានផ្អាកជើងហោះហើររាប់រយរបស់ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អឺរ៉ុបមួយនេះ ក្នុងបំណងដាក់សម្ពាធទៅលើថ្នាក់ដឹកនាំ នៅក្នុងវិវាទដ៏យូរយារមួយទាក់ទងនឹងប្រាក់ឈ្នួល។
សហជីពអាកាសយានិក ដំបូងឡើយ បានអំពាវនាវឲ្យមានកូដកម្មត្រឹមរយៈពេល ២៤ម៉ោងនៅថ្ងៃពុធនេះប៉ុណ្ណោះ ប៉ុន្តែ បន្ទាប់ពីតុលាការពីរ បានច្រានចោលការប៉ុនប៉ងផ្អាកការធ្វើកូដកម្មរបស់ក្រុមហ៊ុន Lufthansa សហជីពក៏បានពង្រីកកូដកម្មរបស់ពួកគេ ២៤ម៉ោងបន្ថែមទៀតរហូតដល់ព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។
នេះគឺជាកូដកម្មលើកទី ១៤ ដែលបានកើតឡើងប៉ះពាល់ដល់សង្វាក់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។
ក្រុមហ៊ុន Lufthansa បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរចំនួន ៨៧៦ជើង នៅក្នុងចំណោមជើងហោះហើរ ៣ពាន់ជើងនៅថ្ងៃពុធនេះ ដោយបានប៉ះពាល់ដល់អ្នកដំណើរប្រហែល ១សែននាក់។
ក្រុមហ៊ុននេះ បានវាយតម្លៃថា កូដកម្មនេះធ្វើឲ្យខាតបង់ប្រាក់ ៧ ទៅ ៩លានអឺរ៉ូក្នុងមួយថ្ងៃ។ ក្រុមហ៊ុននឹងផ្ដល់ព័ត៌មានលម្អិតស្ដីពីការលុបចោលជើងហោះហើរនៅថ្ងៃស្អែកបន្ថែមទៀត ហើយបានចាត់កូដកម្មនេះ ជាការមិនយល់ដឹងអ្វីទាំងអស់។
សហជីពអាកាសយានិក បានទាមទារទៅក្រុមហ៊ុន ឲ្យដំឡើងប្រាក់ឈ្នួល ៣.៧ភាគរយ សម្រាប់អាកាសយានិកចំនួន ៥៤០០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១២មក។
ទោះជាយ៉ាងណា ក្រុមហ៊ុន Lufthansa ដែលកំពុងព្យាយាមកាត់បន្ថយតម្លៃដើម្បីទប់ទល់នឹងការប្រកួតប្រជែងពីក្រុមហ៊ុនអាកាសចរណ៍តម្លៃថោកៗនោះ បានស្នើដំឡើងត្រឹម ២.៥ភាគរយប៉ុណ្ណោះនៅក្នុងរយៈពេល ៦ឆ្នាំ រហូតដល់ឆ្នាំ២០១៩៕