គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធផ្ដល់ព័ត៌មានជាសំឡេងដោយស្វ័យប្រវត្តិតាមទូរសព្ទ ដែល គ.ជ.ប. ថា ដើម្បីជំរុញប្រជាពលរដ្ឋទាំងអស់ ឲ្យទៅចុះឈ្មោះឲ្យទាន់ពេលវេលា ខណៈរយៈពេលនៃការចុះឈ្មោះបោះឆ្នោតនៅតែរយៈពេលមួយសប្ដាហ៍ទៀតប៉ុណ្ណោះ។
គ.ជ.ប. បានប្រកាសដូច្នេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃម្សិលមិញ។
គ.ជ.ប. បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធទូរសព្ទ Cellcard, Smart និង Metfone នឹងទទួលបានព័ត៌មានជុំវិញដំណើរការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដោយគ្រាន់តែទូរសព្ទទៅលេខ ១២៨៥ប៉ុណ្ណោះ និងមិនត្រូវការចំណាយទឹកប្រាក់នោះឡើយ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយកាលពីថ្ងៃម្សិលមិញ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ៧លាន ៤២ម៉ឺននាក់ ឬស្មើនឹងជាង ៧៦ភាគរយ នៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់ នៅទូទាំងប្រទេស។
ទោះជាយ៉ាងណា ចំនួនពលរដ្ឋចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅក្រោម ៥ម៉ឺននាក់ប៉ុណ្ណោះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ធ្លាប់ប្រាប់វីអូឌីថា លោកមិនរំពឹងថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត នឹងទៅចុះឈ្មោះបោះឆ្នោតមួយរយភាគរយនោះឡើយ ដោយលោកថា ដោយសារតែប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេស មិនបានទៅចុះឈ្មោះបោះឆ្នោត៕