កម្ពុជាប្រាប់សមាជិកសភាតំ​​បន់​អាស៊ីឲ្យជួយទប់ស្កាត់បដិវត្ដពណ៌

លោក ហ៊ុន សែន​ (បូ សាវី)

លោកនាយករដ្ឋមន្ដ្រីកម្ពុជា ហ៊ុន សែន កាលពីថ្ងៃ២៣ ខែវិច្ឆិកាម្សិលមិញ បានថ្លែងទៅកាន់សមាជិកសភាតំបន់អាស៊ី ដោយអំពាវនាវឲ្យជួយទប់ស្កាត់កុំឲ្យមានបដិវត្ដន៍ពណ៌កើតឡើង ដែលលោកថាបដិវត្តពណ៌អាចធ្វើឲ្យពិភពលោកមានគ្រោះថ្នាក់។

លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំសភាតំបន់អាស៊ី (APA) នៅខេត្ដសៀមរាប ដែលមានសមាជិកសភាក្នុងតំបន់អាស៊ីចូលរួមចំនួន១២៣ប្រទេស។

លោកបន្តថា ការផ្ដួលរលំមេដឹកនាំប្រទេស ដោយប្រើកម្លាំងយោធានិងការធ្វើបដិវត្ដន៍ពណ៌ ក្រោមរូបភាពប្រជាធិបតេយ្យនៃសិទ្ធិមនុស្ស កំពុងរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យមនុស្សរាប់ម៉ឺនសែនលាននាក់បានស្លាប់ នៅប្រទេសមជ្ឍិមបូព៌ា ដែលនៅក្នុងនោះមានប្រទេសអ៊ីរ៉ាក់ ប្រទេសសេរី ប្រទេសលីប៊ី និងយែកមែន ខណៈដែលមានមនុស្សជាច្រើននាក់ទៀតកំពុងភៀសខ្លួនទៅកាន់ទឹកដីអ៊ឺរ៉ុប ដែលលោកថាមកដល់ពេលនេះ នៅមិនទាន់មានអ្នកទទួលខុសត្រូវនោះទេ។

លោកបានចោទជាសំនួរថា៖ «តើបដិវត្ដន៍ពណ៌នេះ គួរជាទីស្រលាញ់ ឬគួរឲ្យស្អប់ខ្ពើម ហើយតុលាការឧក្រិដ្ឋកម្មអន្ដរជាតិគួរទៅកាត់ទោស ឬពាក់មេដៃជាពានណូបែលឲ្យពួកទាំងនោះ និងមេដឹកនាំទាំងនោះកំពុងលាក់ខ្លួននៅកន្លែងណា?» និងអឺរ៉ុប គួរទទួសខុសត្រូវយ៉ាងណា ដែលលោកថា ដោយសារតែកើតឡើងដោយស្អប់មនុស្សម្នាក់ ឬរដ្ឋាភិបាលមួយដែលនាំមកឲ្យស្លាប់មនុស្សរាប់លាននាក់។

លោកថា៖ «តើដើម្បីដូរមនុស្សម្នាក់និងបុគ្គលម្នាក់ ឬរដ្ឋាភិបាលមួយ នាំឲ្យស្លាប់មនុស្សរាប់ម៉ឺនរាប់សែនររាប់លានបែបនេះ ឬទេ? ឥឡូវតើល្មមដល់ពេលយើងវាយតម្លៃនូវសភាពការណ៍នេះ ហើយឬនៅ? តើបដិវត្ដន៍ពណ៌គួរជាទីស្រលាញ់ ឬគួរឲ្យស្អប់ខ្ពើម ហើយតុលាការឧក្រិដ្ឋកម្មអន្ដរជាតិគួរកាត់ទោសមេខ្លោងដែលធ្វើឲ្យប្រជាជនអ៊ីរ៉ាក់ និងប្រជាជននៅបណ្ដាប្រទេសនៅមជ្ឍឹមប្រទេសយកទៅកាត់ទោស ឬពាក់មេដៃជាពានមេដៃឲ្យពួកទាំងនេះ? […]»។

លោក ហ៊ុន សែន ក៏បានរំលឹកពីព្រឹត្តិការណ៍សង្រ្គាមក្នុងប្រទេសកម្ពុជានៅទសវត្សឆ្នាំ១៩៧០ ដែលលោកថា បានកើតឡើងដោយសារក្រុមអ្នកនយោបាយ ដែលស្អប់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ ហើយដែលបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គពីអំណាច បង្កើតឡើងនូវសង្គ្រាមវិនាសសកម្មសម្លាប់មនុស្សច្រើនម៉ឺននាក់។

លោកបន្ដថា៖ «[…] បន្ដសង្គ្រាមពីឆ្នាំ១៩៧៩ មកបញ្ចប់នៅឆ្នាំ១៩៩៨ យើងខ្ញុំស្គាល់រស់ជាតិនៃសង្គ្រាមយើងខ្ញុំត្រូវការពារសន្ដិភាព តែយើងខ្ញុំមិនមែនជ្រុលជាតិនិយម ចង្អៀតចង្អល់ គិតគួរខ្លួនឯងនោះទេ។ បញ្ហាយើងជួបជុំថ្ងៃនេះ ក្នុងគ្រួសារនៃសភាក្នុងតំបន់អាស៊ី យើងគួរមានការទទួលខុសក្នុងការលើកបញ្ហាឡើង […]»។

រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១៥ បានចោទប្រកាន់និងបានឃុំខ្លួន យុវជន គង់ រ៉ៃយ៉ា ដែលជានិស្សិតនៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធថាបានញុះញង់ឲ្យមានបដិវត្តន៍ពណ៌តាមរយៈការបញ្ចេញមតិនិងចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ