គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃនេះ បានបញ្ជូនឈ្មោះរាជទាយាទថៃ មហា វិជ្ជរ៉ាឡុងកន ទៅសភា ដោយបានបើកផ្លូវសម្រាប់ការសោយរាជ្យសម្បត្តិក្សត្រថ្មី ជាង ១ខែក្រោយពីការសោយទីវង្គតរបស់បិតារបស់ទ្រង់។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង្សសុវណ្ណ បានថ្លែងថា លេខានាយករដ្ឋមន្ត្រី នឹងជូនដំណឹងទៅសភាជាតិ។
យោងតាមនីតិវិធី ប្រធានសភាត្រូវតែយាងរាជទាយាទថៃជាផ្លូវការ ឲ្យឡើងសោយរាជសម្បត្តិ មុននឹងប្រកាសជាព្រះមហាក្សត្រថ្មី ទៅកាន់សាធារណជន។
លោក ប្រាវីត ដែលជាសមាជិកនៃរដ្ឋាភិបាលយោធាថៃ បានបន្ថែមថា៖ “ខ្ញុំរំពឹងថា ប្រធានសភាអាចនឹងទទួលបានលិខិតអនុញ្ញាតពីរាជវាំងនៅថ្ងៃស្អែក ឬថ្ងៃខានស្អែក។ គ្រប់យ៉ាងកំពុងដំណើរការទៅជាជំហ៊ានៗ”។
រាជាទាយាទ ត្រូវបានប្រកាសជាអ្នកស្នងរាជ្យបន្តពីព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៣ ខែតុលាកន្លងមក ក្នុងជន្មាយុ ៨៨ឆ្នាំ។ ការសោយទីវង្គតរបស់ក្សត្រថៃអង្គនេះ បានជំរុញឲ្យពលរដ្ឋថៃកាន់ទុក្ខទូទាំងប្រទេស។
ប៉ុន្តែ ពិធីឡើងសោយរាជ្យសម្បត្តិផ្លូវការ ត្រូវបានរាជទាយាទស្នើសុំពន្យាពេលទៅវិញ ដើម្បីទុក្ខពេលកាន់ទុក្ខជាមួយពលរដ្ឋទូទៅ៕