មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ឲ្យដឹងថា ក្រសួងវប្បធម៌សម្រេចជ្រើសរើសយកខ្សែភាពយន្តរឿង «វិកលចរិត» ដែលទើបធ្វើពិធីបើកសម្ពោធដាក់បញ្ចាំងកាលពីថ្ងៃទី២៨ ខែវិច្ឆិកានៅរាជធានីភ្នំពេញ ដើម្បីជាភាពយន្តតំណាងឲ្យប្រទេសកម្ពុជា សម្រាប់នាំយកទៅបង្អួតនៅមហោស្រពរបស់ខេត្តណានជីង ក្នុងប្រទេសចិននៅចុងឆ្នាំនេះ។
លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តបានថ្លែងក្នុងពិធីសម្ពោធរឿងថា តបតាមការអញ្ជើញរបស់ភាគីចិន ដែលសុំឲ្យប្រទេសកម្ពុជាបញ្ជូនភាពយន្តល្អបំផុតដែលមានកម្រិតស្ដង់ដារអន្តរជាតិទៅចូលរួមក្នុងមហោស្រពភាពយន្តប្រចាំឆ្នាំរបស់ខេត្តណានជីង នាយកដ្ឋានរបស់លោកបានឯកភាពគ្នាថា នឹងជ្រើសយកភាពយន្តរឿង «វិកលចរិត» ឲ្យក្លាយជាតំណាងភាពយន្តរបស់កម្ពុជា។
លោកថា មហាស្រពចិន គេធ្វើឡើងច្រើនសារតែសម្រាប់មហោស្រពភាពយន្តខេត្តណានជីង កម្ពុជាទើបតែទទួលបានការអញ្ជើញប៉ុណ្ណោះ ដោយក្រុមផលិតភាពយន្តនៅទូទាំងពិភពលោកថា សុទ្ធតែគ្រោងចូលរួម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើវិស័យភាពយន្ត។ លោកថាមហោស្រពនេះមានរយៈពេលមួយសប្ដាហ៍ ដោយចាប់ផ្ដើមនៅថ្ងៃទី១៧ ខែធ្នូ ហើយលោកក៏បានឆ្លើយតបទៅខាងភាគីចិនរួចហើយថា កម្ពុជានឹងបញ្ជូនរឿង «វិកលចរិត»។
លោកថា មានហេតុផលច្រើន ដែលខាងនាយកដ្ឋានសម្រេចជ្រើសយករឿងនេះទៅកាន់ព្រឹត្តិការណ៍មហោស្រពភាពយន្តសម្រាប់ឆ្នាំ២០១៦ របស់ខេត្តណានជីង នោះគឺដោយសារតែរឿង «វិកលចរិត» ជាប្រភេទរឿងពិតនៅក្នុងសង្គមមួយ ដែលមានសាច់រឿងខុសប្លែកនិងបង្កប់ដោយភាពភ័យរន្ធត់ពញាក់អារម្មណ៍គ្រប់ឈុតគ្រប់ឆាកដែលធ្វើឲ្យអ្នកទស្សនាទាក់ទាញតែម្ដង។
លោកបន្តថា រឿងនេះបើនិយាយពី Graphic សំឡេងនិងប្លង់ថត គឺមានកម្រិតចង់ប្រហាក់ប្រហែលនឹងភាពយន្តបរទេស ទើបលោកសម្រេចចិត្តជ្រើសឲ្យចូលក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តរបស់ខេត្តណានជីង នៅថ្ងៃទី១៧ ខែធ្នូនេះ។
លោកថា៖ «កាលឆ្នាំមុនយើងបញ្ចូនរឿងទៅចិនដែរ ដោយកាលហ្នឹង យើងឲ្យរឿងមួយរបស់ផលិតកម្មខ្មែរមេគង្គទៅ តែសម្រាប់លើកហ្នឹងជាមហោស្រពចិនដែរតែនៅខេត្តណានជីង យើងឲ្យរឿង «វិកលចរិត» ទៅម្ដង ហើយខ្ញុំថារឿងចឹងខ្មែរយើងកម្រមាន ចឹងទើបខ្ញុំគ្រាន់តែឃើញគឺជម្រើសយកតែម្ដង!»។
លោកថា នាពេលកន្លងមកភាពយន្តរបស់ខ្មែរច្រើនតែផលិតរឿងបែបកំប្លែងនិងខ្មោចប៉ុណ្ណោះ ដោយលោកបានហៅខ្សែរឿងទាំងនោះថា ពិបាកយកទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។ លោកមានមោទនភាពដែលក្នុងឆ្នាំនេះ កម្ពុជាមានភាពយន្តល្អមួយគឺរឿង «វិកលចរិត» ដែលលោកសរសើរថា ជារឿងមានទម្រង់បរទេសលើគុណភាពប្លង់និងសាច់រឿង សម្រាប់ឲ្យកម្ពុជាមានលទ្ធភាពយកទៅបង្អួតក្នុងមហោស្រពភាពយន្តអន្តរជាតិនៅខេត្តណានជីង។
លោកថា ការបញ្ជូនរឿងមុនៗ កម្ពុជាមិនដែលទទួលបានពានឬចំណាត់ថ្នាក់ណាមួយក្រោយពេលបញ្ចប់នោះទេ ប៉ុន្តែសម្រាប់រឿងនេះលោករំពឹងខ្លះដែរថា នឹងទទួលបានការសរសើរ ដោយហោចណាស់ក៏នឹងអាចធ្វើឲ្យផលិតករបរទេសទទួលស្គាល់ពីការវិវឌ្ឍមួយដ៏ប្រសើររបស់ភាពយន្តនៅកម្ពុជាផងដែរ។
លោក ហ៊ុយ យ៉ាងលេង ចាងហ្វាងផលិតកម្មមាតុចក្រ និងជាអ្នកបោះទុនផលិតរឿង «វិកលចរិត»បានអះអាងថា ខ្សែរឿងមួយនេះ លោកបានដកស្រង់ទាំងស្រុងពីជីវិតរបស់បុគ្គលម្នាក់ តែបានថែមថយ និងផាត់ពណ៌ឲ្យមានលក្ខណៈជាសាច់រឿងអោយមើលទៅប្រទាក់ក្រឡា។ លោកថារឿងនេះត្រូវបានលោកសម្រេចចិត្តចេញថត បន្ទាប់ពីបានកត់សម្គាល់ថាភាពយន្តខ្មែរនាពេលកន្លងមកច្រើនតែផ្ដោតលើការផលិតតែរឿងប្រភេទខ្មោច និងរឿងកំប្លុកកំប្លែង ហើយលោកចង់បង្កើតនូវសាច់រឿងថ្មី។
លោកថាផលិតកម្មបានរៀបចំសំណុំឯកសារពាក់ព័ន្ធនឹងរឿងបញ្ជូនរឿង «វិកលចរិត» ទៅកាន់មហោស្រពភាពយន្តនៅខេត្តណាជីង នាថ្ងៃទី១៧ ខែធ្នូ រួចហើយ ដោយនេះ ក៏ជាលើកទី១ផងដែរ សម្រាប់ឱកាសបញ្ជូនស្នាដៃរបស់ខ្លួនទៅកាន់មហោស្រពភាពយន្តរបស់អន្តរជាតិ ចាប់តាំងពីលោកបានប្រឡូកការផលិតភាពយន្តយន្ត ហើយល្បីឈ្មោះក្នុងរឿង «ខ្មោចដើមចេកជ្វារ»។
លោកបន្តថា មុនពេលធ្វើពិធីបើកសម្ពោធខ្សែរឿង «វិកលចរិត» លោកទទួលបានលិខិតមួយដែលទទួលស្គាល់ពីក្រុមការងារផលិតកុនបរទេស ថាជាភាពយន្តខ្មែរមានគុណភាព និងបរិដ្ឋានជាភាពយន្តអន្តរជាតិ ដោយការទទួលស្គាល់នោះ លោកថាក៏ត្រូវបានទីផ្សារក្នុងតំបន់អាស៊ានដូចជាឡាវនិងម៉ាឡេស៊ី ទទួលយកទៅបញ្ចាំងបន្ត ដោយមិនលំបាកនោះឡើយ។
លោកថារឿង «វិកលចរិត» នឹងដាក់បញ្ចាំងក្នុងស្រុកចាប់ពីថ្ងៃទី២ ខែធ្នូ ហើយនេះក៏ជារឿងដែលស្ដែងចេញពីវិប្បដិសារីរបស់ជនវិកលចរិតមួយ ដែលជួបរឿងផ្លូវចិត្តធ្ងន់ធ្ងរ ដោយមានបង្កប់នូវអាថ៌កំបាំង និងឈុតឆាកភ័យរន្ធត់ ដែលលោកបញ្ជាក់ថាពិបាកទាំងការសម្ដែង និងពិបាកទាំងការថតផងដែរ។ លោកថា រឿងហ្នឹងរំពឹងជោគជ័យខ្ពស់ ដោយសារតែសម្អាងថាមានរសជាតិថ្មី ហើយមានឈុតឆាកពញាក់អារម្មណ៍តាំងពីដើមដល់ចប់ មិនចាញ់ខ្សែរឿងផលិតឡើងកន្លងមក៕