កិច្ច​សន្ទនា​បែក​ធ្លាយ​បង្ហាញ​ថា លោក ហ៊ុន សែន ផ្ដល់​លុយ​៦០​ម៉ឺន​ដុល្លារ​ដល់​កញ្ញា ធី សុវណ្ណថា

លោក ហ៊ុន ​សែន និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក)

សារសន្ទនាបែកធ្លាយមួយ បង្ហាញថា បុរសម្នាក់ដែលគេសង្ស័យថាជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានផ្ដល់ថវិកាចំនួន ៦០ម៉ឺនដុល្លារ ទៅស្ត្រីម្នាក់ដែលគេសង្ស័យថាជាកញ្ញា ធី សុវណ្ណថា។

នៅក្នុងកិច្ចសន្ទនាតាមបណ្ដាញសង្គម Line ដ៏វែងនោះ បុរសម្នាក់តែងតែហៅខ្លួនឯងថា តា និងនារីម្នាក់ដែលហៅខ្លួនឯងថា ចៅ បានឆ្លើយឆ្លងគ្នាអំពីការផ្ដល់ច្រើនម៉ឺនដុល្លារ នៅផែនការមួយដើម្បីបំបែកគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី។

ក្នុងសារសន្ទនាដ៏វែងនោះ បុរសដែលគេសង្ស័យថាជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅនារីដែលគេសង្ស័យថាជាកញ្ញា ធី សុវណ្ណថា ឲ្យទៅទទួលប្រាក់ចំនួន ២០ម៉ឺនដុល្លារ ពីលោក ហូ សុធី សម្រាប់ទិញសម្ភារៈ Facebook

ក្នុងសារសន្ទនាបន្តបន្ទាប់ បុរសរូបនោះ ឆ្លើយតបទៅនារីរូបនោះថា៖ បន្ថែមទៀតថា ប្រសិនបើចៅត្រូវការទុនទុកក្នុងហើយ តានឹងបញ្ជូនបន្ថែម ៦០ម៉ឺនដុល្លារទៀត

នារីរូបនោះ បានឆ្លើយតបទៅវិញថា រូបគេបានទទួលប្រាក់ ៥០ម៉ឺនដុល្លាររួចរាល់ហើយ ដោយប្រាក់ ៣០ម៉ឺនដុល្លារដាក់ក្នុងធនាគារ៣ និង២០ម៉ឺនដុល្លារទៀតរក្សាទុកក្នុងទូដែកសម្រាប់ទុកប្រើបន្ទាន់ រៀបចំកាមេរ៉ាសុវត្ថិភាព ទ្វារសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ។

បុរសរូពនោះ បានបន្តថា លោកទុកចិត្តលើការរៀបចំរបស់កញ្ញា ធី សុវណ្ណថា ចំពោះការរក្សាការសម្ងាត់នៃប្រភពថវិកាទាំងនោះ។

កញ្ញា ធី សុវណ្ណថា បានបើកដំណើរការអង្គការសប្បុរសមួយនៅក្នុងឆ្នាំនេះ ដោយអះអាងថា មូលនីធិសម្រាប់អង្គការមួយនេះ បានមកពីក្រៅប្រទេស។

ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាពិតឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ។

ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ លោក សុខ ឥសាន ទទួលស្គាល់ថាជាការពិត ដោយថាបញ្ហានេះមកពីមានការដោះដូរទូរសព្ទ។

VOD នៅមិនទាន់អាចទាក់ទងសុំការឆ្លើយបំភ្លឺពី កញ្ញា ធី សុវណ្ណថា បាននៅទ្បើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ