អង្គការយូណេស្កូអនុម័តយល់ព្រមតាមសំណើរបស់ប្រទេសកម្ពុជា ហើយផ្តល់ថវិកាគាំទ្រជាងម្ភៃម៉ឺនដុល្លារ សម្រាប់ការថែរក្សាចាប៉ីដងវែងជាបន្ទាន់ និងបានចុះបញ្ជីទទួលស្គាល់ថាជាបេតិកភណ្ឌអរូបិយ។
យោងសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូឲ្យដឹងថា កម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការការពារជាបន្ទាន់ សំរាប់តន្រ្តីប្រពៃណីចាប៉ីដងវែង នៅទីក្រុង អេដឌីស អាបាបា (Addis Ababa) ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកានេះ។
សេចក្តីប្រកាសបន្តថា គណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបិយនាពេលបច្ចុប្បន្ននេះ បានចុះបញ្ជីចាប៉ីដងវែងរបស់កម្ពុជា នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយក្នុងតម្រូវការនៃការការពារជាបន្ទាន់។
គណៈកម្មាធិការនេះបានអនុម័តសំណើរបស់កម្ពុជា សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ២៣០,០០០ (ដុល្លារអាមេរិក) ក្នុងគោលបំណងដើម្បីអនុវត្តផែនការការថែរក្សា។
ចាប៉ីដងវែង គឺជាប្រភេទតន្រ្តីប្រពៃណីមួយរបស់កម្ពុជា ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវិត ប្រពៃណី និងជំនឿរបស់ប្រជាជនកម្ពុជា។ ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ គេប្រើឧបករណ៍តន្ត្រីនេះសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ ចាប៉ីដងវែង ចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង៕