ព្រះមហាក្សត្រលើកលែងទោស លោក កឹម សុខា តាមសំណើលោក ហ៊ុន សែន

លោក កឹម សុខា នាពេលកន្លងទៅ

ព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី នៅថ្ងៃទី២ខែធ្នូនេះ បានឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យមួយ ដោយសម្រេចលើកលែងទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តបតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ខ្លឹមសារព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា «សម្រេចលើកលែងទោស លោក កឹម សុខា អាយុ៦៣ឆ្នាំ ដែលតុលាការសម្រេចឲ្យជាប់ពន្ធនាគារតាមអំណាចសាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី៤ខែ១១ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»

អនុក្រឹត្យរបស់ព្រះហាក្សត្រឡាយព្រះហត្ថលេខានៅថ្ងៃទី២ធ្នូនេះ គឺចំថ្ងៃតែមួយ ដែលលិខិតរបស់នាយករដ្ឋមន្ត្រី ស្នើឲ្យលើកលែងទោសលោក កឹម សុខា ក៏ចុះហត្ថលេខានៅថ្ងៃទី២នេះដែរ។ ចំណែកលិខិតលោក កឹម សុខា ស្នើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ស្នើទៅព្រះមហាក្សត្រនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ខែធ្នូ ម្សិលមិញ។

ទោះជាយ៉ាងណា កន្លងមក គណបក្សសង្គ្រោះជាតិ អ្នកគាំទ្រគណបក្សនេះ រួមទាំងលោក កឹម សុខា ផ្ទាល់បញ្ជាក់ថា រូបលោកមិនមានទោសទេ ហើយអ្វីដែលមានការចោទប្រកាន់លើរូបលោកនោះ គឺគ្រាន់តែជាហេតុផលនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ចង់រំលាយគណបក្សប្រឆាំង។

កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៦ លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ៥ខែនិងពិន័យប្រាក់៨០ម៉ឺនរៀល ពីបទបដិសេធចូលខ្លួនក្នុងនាមជាសាក្សីទាក់ទងសំណុំរឿងដែលគេចោទថាលោកមានស្នេហាលួចលាក់។ លោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការគណបក្សអស់រយៈពេលច្រើនខែមកហើយ បន្ទាប់ពីអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេចកាលពីថ្ងៃទី២៦ ខែឧសភាកន្លងមក។

(រាយការណ៍បន្ថែម ពៅ មេត្តា)

វីអូឌី នឹងជូនព័ត៌មានល្អិតនៅពេលខាងមុខ […]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ