អាជ្ញាធរខេត្ដសៀមរាបឲ្យដឹងថា មនុស្សម្នាក់បានរងរបួសនិងផ្ទះសំណាក់បីខ្នងទៀតរងការខូចខាត ដោយសារអគ្គីភ័យឆាបឆេះកាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែធ្នូនេះ។
អភិបាលក្រុងសៀមរាបលោក សូ ប្លាតុង ប្រាប់វីអូឌីថា ឧបទ្ទវហេតុអគ្គិភ័យនេះកើតឡើងនៅម៉ោង៦ព្រឹក ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយសង្ស័យឆ្លងចរន្ដអគ្គិសនី ដែលករណីនេះលោកថា បណ្ដាលឲ្យម្ចាស់ផ្ទះសំណាក់ម្នាក់រងបួស ខណៈដែលជនរងគ្រោះហក់ទៅយកបំពង់អគ្គីភ័យបាញ់ពន្លត់ភ្លើង។
លោកបន្ដថា ផ្ទះទាំងបីខ្នងនោះ ជាប្រភេទផ្ទះសំណាក់ ធ្វើពីឈើលើថ្មក្រោម ប៉ុន្ដែមិនទាន់ដឹងពីទំហំនៃការបាត់បង់ទ្រព្យសម្បត្ដិនៅឡើយទេ ដោយសារមន្ដ្រីជំនាញកំពុងស្រាវជ្រាវ។
លោកបន្ដថា៖ «វាឆេះពីខាងក្រោមមករាលដាលតគ្នា តាមព័ត៌មានកូនម្ចាស់ផ្ទះហក់ពីលើផ្ទះ ធ្លាក់បាក់ដៃចូលពេទ្យ គាត់យកបំពុងបាញ់ពន្លត់កំុំឲ្យរាលដាល»។
របាយការណ៍របស់នគរបាលក្រុងសៀមរាបឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទេព គឹមខេន អាយុ៣៥ឆ្នាំ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកផ្ទះសំណាក់ដែលរងការខូចខាតមានចំនួនបីខ្នង ធ្វើអំពីឈើប្រក់ក្បឿង ហើយថាករណីដែលភ្លើងឆាបឆេះនេះ ដោយសារឆ្លងចរន្ដអគ្គិសនី។ របាយការណ៍ដដែលបានបន្ថែមថា កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៤គ្រឿង ហើយប្រើប្រាស់ទឹកចំនួន២០រថយន្ដ៕